ស្របពេលទៅនឹងការរីករាលដាលនៃមេរោគកូវីដ១៩ និន្នាការនៃការទិញទំនិញអនឡាញ (Online Shopping) មានការកើនឡើងគួរជាទីកត់សំគាល់។ ក៏ប៉ុន្តែអ្នកប្រើប្រាស់អុិនធឺណែតភាគច្រើន នៅមិនទាន់បានយល់ដឹងអំពីហានិភ័យនានាដែលអាចកើតមានឡើងជុំវិញការបញ្ជាទិញអនឡាញនៅឡើយទេ ដែលអាចឱ្យពួកគេទទួលរងគ្រោះបាត់បង់សាច់ប្រាក់ និងខាតបង់ពេលវេលា។
ហានីភ័យក្នុងការទិញទំនិញអនឡាញ
ទំព័របណ្តាញសង្គមបោកប្រាស់៖ អ្នកលក់ខ្លះបានបោកប្រាស់អ្នកទិញដោយទទួលប្រាក់ហើយតែមិនដឹកជញ្ជូនទំនិញ ពួកអ្នកបោកប្រាស់ទាំងនោះបានបង្កើតជាវេបសាយ ឬទំព័របណ្តាញសង្គមផ្សេងៗក្នុងការផ្សព្វផ្សាយលក់ទំនិញ តែមិនមានព័ត៌មានទីតាំងជាក់លាក់នោះទេ ករណីនេះបានកើតឡើងយ៉ាងច្រើននៅលើបណ្តាញសង្គម (social media)។
វេបសាយលក់ទំនិញក្លែងក្លាយ៖ ជនបោកប្រាស់ ឬឧក្រិដ្ឋជនបច្ចេកវិទ្យាបានបង្កើតវេបសាយលក់ទំនិញផ្សេងៗក្នុងតម្លៃថោក ឬបង្កើតវេបសាយឱ្យដូចទៅនឹងវេបសាយលក់ទំនិញល្បីៗដូចជា AMAZON និង EBAY ជាដើម ក្នុងការបោកបញ្ឆោតជនរងគ្រោះធ្វើការបញ្ជាទិញ។ ជនរងគ្រោះអាចបាត់បង់ទាំងប្រាក់កាក់ និងអាចបាត់បង់ទាំងព័ត៌មានហិរញ្ញវត្ថុ (credit card) តាមរយៈការបញ្ជាទិញនៅលើវេបសាយដែលគ្មានប្រភពច្បាស់លាស់ និងវេបសាយដែលបង្កើតឡើងដោយជនល្មើស។
គន្លឹះសុវត្ថិភាពមួយចំនួនដែលអ្នកគួរយល់ដឹងមានដូចខាងក្រោម៖
ហាងលក់ទំនិញក្លែងក្លាយ
- សូមទិញទំនិញពីហាងដែលអ្នកស្គាល់ប៉ុណ្ណោះ
- ពេលទិញទំនិញនៅលើវេបសាយអនឡាញសូមត្រួតពិនិត្យមើលអាសយដ្ឋាន “https” នៅក្នុង address bar និងប្រុងប្រយ័ត្នអំពីតួរអក្សរ និងលេខ ដូចជា “0” និង “o”, “1” និង “l” ។ល។
អ្នកបោកប្រាស់នៅបណ្តាញសង្គម
- មានការកើនឡើងនៃការលក់ទំនិញអនឡាញយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់
ជាពិសេសទំព័រ (page) ណាដែលលក់ទំនិញតម្លៃថោកខុសពីធម្មតាខ្លាំងពេក
ការទូរទាត់ប្រាក់អនឡាញ
- ត្រួតពិនិត្យរបាយការណ៍ទិញទំនិញរបស់អ្នកឱ្យបានទៀតទាត់
- រាយការណ៍ទៅកាន់ធនាគារភ្លាមៗ បើអ្នកកត់សម្គាល់ឃើញមានការទិញទំនិញ ឬប្រិតិបត្តិការដែលអ្នកមិនបានធ្វើ
- ប្រើប្រាស់កាតសិប្បនិម្មិត ឬប្រើប្រាស់កាតពីរផ្សេងៗពីគ្នា ដែលមួយគឺសម្រាប់ដាក់ប្រាក់ និងមួយទៀតសម្រាប់ការទិញ និងទូរទាត់ថ្លៃទំនិញ។









