ឆ្លើយតបទៅនឹងការព្រួយបារម្ភនៃប្រព័ន្ធសុវត្ថិភាពនិងឯកជនភាពរបស់សិស្សានុសិស្ស ក្រឡេកទៅមើលទីក្រុង New York សហរដ្ឋអាមេរិកបានប្រកាសឲ្យគ្រប់ស្ថាប័នសិក្សាទាំងអស់ហាមដាច់ខាតមិនឲ្យប្រើប្រាស់កម្មវិធី Zoom ជាមធ្យោបាយក្នុងការបង្រៀន Online ឡើយ។
តាមគេហទំព័រ Business Insider បានចុះផ្សាយថាមន្ទីរអប់រំនៅទីក្រុង New York បានហាមឃាត់មិនឲ្យប្រើប្រាស់កម្មវិធី Zoom ក្រោយរយៈពេលមួយសប្ដាហ៍នៃការប្រកាសឲ្យថ្នាក់រៀនទាំងអស់ផ្លាស់ទៅបង្រៀនសិស្សតាម Online។
ដោយឡែកសាលានីមួយៗត្រូវបានណែនាំឲ្យប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុន Microsoft ដែលរួមបញ្ចូលទាំងឈុតនៃកម្មវិធី Office 365 សម្រាប់អនុវត្តការសិក្សាវិញ។ ពាក់ព័ន្ធនឹងបញ្ហានេះ CEO របស់ Zoom បានឆ្លើយតបថានឹងធ្វើការចរចាផ្ទាល់ជាមួយសាលានៅទីក្រុង New York ដើម្បីអនុញ្ញាតឲ្យកម្មវិធីរបស់ខ្លួនអាចត្រលប់ទៅដូចដើម។នៅបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃទី ៥ មេសាកន្លងទៅលោក Eric Yuan ក៏ទទួលស្គាល់ថាកម្មវិធីរបស់ខ្លួនមានចន្លោះប្រហោងខ្លះពិតមែន ព្រោះមនុស្សបុកមកប្រើប្រាស់យ៉ាងគំហុកនៅរយៈពេលខ្លី ប៉ុន្តែក្រុមហ៊ុននឹងនៅតែបន្តផ្ដោតលើការពង្រឹងប្រព័ន្ធសុវត្ថិភាពជូនអតិថិជនតាមដែលអាចធ្វើទៅបាន៕









