ទិន្នន័យថ្មីបង្ហាញថា Microsoft Edge ជាប់លេខ 2 លើតារាងពេញនិយមជាងគេ ក្នុងចំណោមកម្មវិធី Browser ដទៃទៀត

0

ចាប់តាំងពីដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានធ្វើការទម្លាក់កំណែអាប់ដេតថ្មី ទៅឲ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 ទាំងឡាយ ជាមួយនឹងកម្មវិធី Edge ជំនាន់ក្រោយផងដែរ ដោយវាទទួលបានផ្ទាំងបញ្ជាខុសប្លែកពីមុន ស្ទើរតែទាំងស្រុងនៅលើជំនាន់ថ្មីនេះ ហើយពិតជាមានលក្ខណៈល្អប្រសើរជាងមុនច្រើន គួរឲ្យកត់សម្គាល់ ទាំងលើរូបរាងនិងល្បឿន ព្រោះវាត្រូវបានបង្កើតឡើង តាមរយៈទ្រង់ទ្រាយ Chromium ដូចជា Chrome និង Opera អញ្ចឹងដែរ។ រហូតមកដល់ពេលថ្មីៗនេះ ក្រុមអ្នកដកស្រង់ទិន្នន័យមកពី NetMarketShare បានធ្វើការចុះផ្សាយមកថា កម្មវិធី Microsoft Edge ត្រួវបានជាប់ចំណាត់ថ្នាក់លេខ 2 លើកម្មវិធី Browser ផ្សេងៗទៀត ដែលទទួលបានប្រជាប្រិយភាពខ្ពស់។

បើយោងទៅតាមតារាងទិន្នន័យនោះ គឺដាក់បង្ហាញឲ្យយើងឃើញថា នៅអំឡុងខែមីនាឆ្នាំ 2020 កន្លងទៅនេះ ភាពពេញនិយមលើចំនួនអ្នកប្រើប្រាស់របស់ Microsoft Edge បានកើនឡើងរហូតដល់ទៅ 7.59% ដោយអាចយកឈ្នះ Firefox ថែមទៀតផង ជាមួយនឹងចំនួនសរុប 7.19% ដែលស្ថិតនៅចំណាត់ថ្នាក់លេខ 3 តែម្ដង។ ទោះបីជាយ៉ាងណាក្ដី Chrome របស់ Google នៅតែនាំមុខគេជានិច្ចដដែល ជាមួយចំនួនប្រជាប្រិយភាពដល់ទៅ 68.50% ឯណោះ និងគ្មានកម្មវិធីណាអាចតាមទាន់នៅឡើយទេ ដោយវាមានអ្នកប្រើប្រាស់ទូទាំងពិភពលោក យ៉ាងច្រើនលើសលុបដូចនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា Internet Explorer 11 ក៏បានជាប់លើតារាងលេខ 4 ជាមួយចំនួនអ្នកប្រើប្រាស់ដល់ទៅ 5.60% ផងដែរ ដោយអាចយកឈ្នះកម្មវិធី Browser ល្បីៗដូចជា Safari និង Opera ថែមទៀតផង។ ចំពោះមូលហេតុវិញនោះ គឺត្រូវបានគេវិភាគថា មកពីកម្មវិធី Microsoft Edge និង Internet Explorer 11 ត្រូវបានដំឡើងមកស្រាប់នៅលើ Windows រួចជាស្រេច ដូច្នេះហើយទើបពួកវាទទួលបាន ចំនួនអ្នកប្រើប្រាស់ប្រចាំខែច្រើនយ៉ាងនេះ ហើយមិនចាំបាច់តម្រូវឲ្យដំឡើងពីក្រៅនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here