កម្មវិធីហៅជាវីដេអូមួយ ដែលមានឈ្មោះថា Zoom កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងបំផុត ទាំងនៅក្នុងស្រុកយើង និងតាមបណ្ដាប្រទេសនានា ដើម្បីជំនួយឲ្យការប្រជុំការងារតូចធំ ក៏ដូចជាការសិក្សាតាមអនឡាញ ខណៈពេលជៀសវាងពីការឆ្លងវីរុសកូរ៉ូណាតែម្ដង។ យ៉ាងណាមិញ បន្ទាប់ពីប្រទះឃើញមានចំនួនអ្នកលួច Hack ក៏កើនឡើងច្រើនដែរនោះ ក្រុមហ៊ុនបង្កើតកម្មវិធី Zoom ក៏សន្យាថានឹងបន្ថែមប្រព័ន្ធការពារ ឲ្យកាន់តែមានកម្រិតខ្ពស់ ដើម្បីកុំឲ្យបញ្ហានេះកើតមានតទៅទៀត។
នាពេលឆាប់ៗខាងមុខនេះ កម្មវិធីហៅជាវីដេអូ Zoom នឹងធ្វើការដាក់ពាក្យសម្ងាត់ និងបើកបន្ទប់រង់ចាំ (Waiting Room) ឲ្យអ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិតែម្ដង សម្រាប់បន្ទប់ Meeting ទាំងអស់ ដូច្នេះកុំឲ្យជនអនាមិកងាយស្រួលស្វែងរកឃើញ ID របស់ការហៅជាវីដេអូទាំងឡាយណា ដែលមិនបានដាក់ពាក្យសម្ងាត់ ឬក៏បន្ទប់រង់ចាំជាដើម ដោយពួកវាចូលចិត្តទៅរំខាន ហើយបញ្ចេញរូបភាពអាក្រក់ៗ ថែមទៀតផង។ ចំណែកឯការដាក់ពាក្យសម្ងាត់នេះ គឺត្រូវបានបើកសម្រាប់បន្ទប់ Meeting ថ្មីៗរួចមកហើយ ក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្ដែនៅលើកំណែអាប់ដេតក្រោយ វានឹងដាក់ឲ្យទាំងបន្ទប់ Meeting មុនៗទៅទៀត ដើម្បីឲ្យកាន់តែមានសុវត្ថិភាព។ លើសពីនេះទៅទៀត បន្ទាប់ពីអ្នកបានចូលទៅបន្ទប់ Meeting ណាមួយហើយ នោះក៏ត្រូវរង់ចាំនៅបន្ទប់ Waiting Room ជាមុនសិន ដើម្បីឲ្យម្ចាស់បន្ទប់ជ្រើសរើសលោកអ្នក ដាក់ចូលទៅបន្ទប់ការហៅជាវីដេអូនោះបាន។ កំណែអាប់ដេតថ្មីរបស់កម្មវិធី Zoom នេះ នឹងត្រូវបានដាក់ឲ្យទាញយកទៅដំឡើង នៅថ្ងៃស្អែកទី 5 ខែមេសា ឆ្នាំ 2020 ហើយ ដូច្នេះកុំភ្លេចអាប់ដេតទាំងអស់គ្នា។
គួរបញ្ជាក់ផងថា កម្មវិធីហៅជាវីដេអូ Zoom វាអាចផ្ទុកមនុស្យសរុបរហូតដល់ទៅ 100 នាក់ឯណោះ ក្នុងពេលតែមួយ ដោយកំណត់រយៈពេលហៅវីដេអូបានត្រឹមចំនួន 40 នាទី សម្រាប់គម្រោងឥតគិតថ្លៃ ដោយឡែក ប្រសិនបើអ្នកទាំងអស់គ្នា ចង់បានរយៈពេលយូរជាងនេះ គឺតម្រូវឲ្យបង់ថ្លៃជាប្រចាំខែ ដូចជាសេវាកម្មផ្សេងៗដទៃទៀតអញ្ចឹងដែរ។ ទោះបីជាយ៉ាងណាក្ដី សម្រាប់រយៈពេលត្រឹម 40 នាទី គឺគ្រាន់តែសម្រាប់មនុស្សភាគច្រើនហើយ ដោយឥឡូវនេះ វាកំពុងដាក់ឲ្យប្រើប្រាស់ទាំងលើ iOS, Android និងកុំព្យូទ័រ។









