កាលពីពេលយប់មិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ គឺរួមមាន Apple និង Google បានធ្វើការប្រកាសចេញជាផ្លូវការនូវ ប្រព័ន្ធរៀបចំការតាមដានថ្មីមួយ ដើម្បីត្រួតពិនិត្យលើចំនួនឆ្លងនៃវីរុសកូរ៉ូណា ឲ្យបានកាន់តែច្បាស់ថែមមួយកម្រិតទៀត។ ចំណែកឯប្រព័ន្ធតាមដានថ្មី ដែលត្រូវបានក្រុមហ៊ុនទាំងពីរ កំពុងតែធ្វើការបង្កើតឡើងនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងឡាយ ចែករំលែកទិន្នន័យរបស់ពួកគេ តាមរយៈការបញ្ជូន Bluetooth Low Energy (BLE) និងកម្មវិធីដែលបានទទួលស្គាល់ពី អង្គការសុខភាព។
អត្ថប្រយោជន៍នៃកម្មវិធីថ្មីមួយនេះ គឺប្រសិនបើលោកអ្នក បានពិនិត្យរកឃើញរីរុសកូរ៉ូណាហើយ ដូច្នេះអ្នកអាចរាយការណ៍ចូលទៅក្នុងកម្មវិធីនោះបាន ដើម្បីឲ្យវារាប់ចូលបញ្ជីនៃចំនួនកើនឡើង ហើយផ្ដល់ដំណឹងទៅឲ្យអ្នករស់នៅក្បែរៗនោះ ឲ្យប្រុងប្រយ័ត្នថែមទៀតផង ប៉ុន្ដែវានឹងរក្សាការសម្ងាត់ជូន ដោយមិនបញ្ជាក់ប្រាប់ថា នរណាគេជាអ្នកត្រូវបានឆ្លងនោះទេ។ ចំណែកឯប្រព័ន្ធរៀបចំការតាមដានថ្មីមួយនេះ ត្រូវការឲ្យអ្នកទាញយកមកប្រើប្រាស់ ឲ្យបានកាន់តែច្រើនកាន់តែមានប្រសិទ្ធិភាព ព្រោះតែវាទំនាក់ទំនងគ្នាតាមរយៈ Bluetooth នៃទូរសព្ទឆ្លាតនីមួយៗទៅវិញទៅមក។ ចំពោះមូលហេតុដែល Apple និង Google សម្រេចចិត្តប្រើប្រាស់មធ្យោបាយ Bluetooth ជំនួសឲ្យមុខងារ GPS ឬ អ៊ីនធើណេត នោះគឺដោយសារតែ ពួកគេចង់រក្សាព័ត៌មានផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ទាំងឡាយ ពីព្រោះតាមរយៈ Bluetooth គឺមិនអាចចាប់យកទីតាំង របស់អ្នកប្រើប្រាស់បានច្បាស់ដូចសេវា Location នោះទេ។
បើយោងតាមសេចក្ដីប្រកាសនោះ គឺបានបញ្ជាក់ឲ្យដឹងថា Apple និង Google នឹងចាប់ផ្ដើមទម្លាក់កម្មវិធីថ្មីនេះ ទៅឲ្យអាជ្ញាធរផ្នែកសុខភាព ធ្វើការតេស្ដប្រើប្រាស់សាកល្បងមុន នៅអំឡុងពាក់កណ្ដាលខែឧសភា ឆ្នាំ 2020 ខាងមុខនេះតទៅ ហើយនិងមាននៅលើ App Store និង Play Store ឆាប់ៗខាងមុខទៀត។ យើងក៏បានសង្ឃឹមទុកថា ប្រព័ន្ធតាមដានថ្មីមួយនេះ នឹងអាចជួយឲ្យយើងទាំងអស់គ្នាទទួលបាន ទិន្នន័យចំនួនឆ្លងកាន់តែពិតប្រាកដ ហើយធ្វើការទប់ស្កាត់បានភ្លាមៗតែម្ដង។









