នៅភូមា សេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាន ត្រូវរងការគំរាមកំហែងទៀតហើយ។ វេបសាយ នៅលើទំព័រអ៊ីនធ័រនែត ជាង២២០ ត្រូវបានរដ្ឋាភិបាលភូមាបញ្ជាឱ្យបិទ ក្នុងនោះមានវេបសាយខ្លះជារបស់ប្រព័ន្ធឃោសនាព័ត៌មានឯករាជ្យផង។
ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាន អ្នកទទួលខុសត្រូវក្នុងរដ្ឋាភិបាល បានប្រកាសថា សេចក្តីសម្រេចនេះ ធ្វើឡើងក្នុងបំណងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំព័ត៌មានក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩។ “ក្នុងស្ថានភាពអាសន្ន និងដើម្បីប្រយោជន៍សាធារណៈ” រដ្ឋាភិបាលមានអំណាចដាក់កំហិតឱ្យបិទខ្ទប់វេបសាយបាន។
ប៉ុន្តែបញ្ហានៅត្រង់ថា ក្នុងចំណោមវេបសាយដែលរដ្ឋាភិបាលបានបិទខ្ទប់ មានខ្លះជាវេបសាយរបស់ប្រព័ន្ធឃោសនាព័ត៌មានឯករាជ្យ ជាវេបសាយរបស់កាសែត ដែលតាមដានព័ត៌មាននៅតំបន់មានជម្លោះ មានការរំលោភសិទ្ធិមនុស្សច្រើន ឬជាកាសែតដែលតែងផ្តល់ព័ត៌មានស្តីអំពីស្ថានភាពរបស់ជនជាតិភាគតិច។ ហើយប៉ុន្មានថ្ងៃមកនេះ មានករណីតាមចាប់អ្នកកាសែតច្រើនណាស់។ ខ្លះតាមចាប់ដល់កន្លែងធ្វើការ ខ្លះដល់ផ្ទះ។
គិតត្រឹមថ្ងៃនេះ មានអ្នកកាសែតភូមាបីនាក់ កំពុងប្រឈមនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត ពីបទបានរំលោភច្បាប់ប្រឆាំងនឹងភេរវកម្ម។ ម្នាក់ត្រូវបានគេចាប់ជាប់ ពីរនាក់ទៀតកំពុងរត់គេចខ្លួន។ អ្នកកាសែតទាំងបី បានផ្សាយបទសម្ភាសន៍ជាមួយពួកឧទ្ទាម យោធាអារ៉ាកាន ដែលយោធាភូមាបានចាត់ទុកជាក្រុមភេរវនិយម។
បើតាមអង្គការអ្នកយកការណ៍គ្មានព្រំដែន មានអ្នកកាសែតភូមាជាច្រើនទៀតកំពុងលាក់ខ្លួនពីការតាមចាប់របស់អាជ្ញាធរ។ តែការគំរាមកំហែងនិងបំបិទសេរីភាពព័ត៌មានមិនមែនថ្មីថ្មោងទេនៅរដ្ឋអារ៉ាកាន និងរដ្ឋជីនជិតខាង។ តាំងពីឆ្នាំមុនមក រដ្ឋាភិបាលភូមាបានផ្តាច់ប្រព័ន្ធអ៊ីនធ័រនែត ជាកន្លែង ក្នុងរដ្ឋនេះ ក្រោមហេតុផលថាដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម។ ហើយគឺនៅក្នុងតំបន់ដដែលនេះ ដែលយោធាភូមាបានបើកយុទ្ធនាការបង្ក្រាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាលពីឆ្នាំ២០១៧ រហូតស្ទើរក្លាយជាសម្លាប់រង្គាលប្រល័យពូជសាសន៍។
ផ្តាច់អ៊ីនធ័រនែត បិទវេបសាយ គំរាមចាប់អ្នកកាសែត យោធាភូមាកំពុងពង្រឹងអំណាចនិងខ្ទប់ស្ថានភាពនៅតំបន់ភាគខាងប្រទេសកាន់តែខ្លាំងឡើងៗ៕










