ព័ត៌មានអំពីគណនីផ្ទាល់ខ្លួនរួមមាន អាសយដ្ឋានអ៊ីមែល លេខសម្ងាត់ និងអាសយដ្ឋានវិបសាយ (URL) សម្រាប់ការប្រជុំលើកម្មវិធី Zoom ត្រូវបានគេបង្ហោះចែកចាយ Free ឬលក់ក្នុងតម្លៃដ៏ថោកមួយលើទីផ្សារវិបសាយខ្មៅងងឹត។
ទិន្នន័យមួយសំណុំដែលមានដាក់លក់លើទីផ្សារខ្មៅងងឹត ត្រូវបានប្រទះឃើញដោយក្រុមហ៊ុនសុវត្ថិភាព Cyble ដែលក្នុងនោះគឺមានប្រមាណ ៥៣ ម៉ឺនគណនី។ ដោយប្រើប្រាស់ព័ត៌មានទាំងនេះ អ្នកដទៃចូលទៅកាន់បន្ទប់ប្រជុំផ្ទាល់ខ្លួនរបស់គណនីណាមួយក្នុងកម្មវិធី Zoom និងដំណើរការការប្រជុំនោះ។ ពួកគេអាចអញ្ជើញអ្នកដទៃឲ្យចូលរួម ដោយបន្លំខ្លួនធ្វើជាម្ចាស់គណនី។ ពេលនោះវាអាចបើកដៃឲ្យ Hacker អាចបង្កប់មេរោគតាមរយៈការអញ្ជើញសម្រាប់អំពើទុច្ចរិតនានា។
បន្ថែមពីនេះ Hacker អាចប្រើប្រាស់ឧបករណ៍ឈ្មោះថា OpenBullet ដែលអាចយកឈ្មោះគណនី និងលេខសម្ងាត់ដែលគេលួចបាន ទៅសាកល្បង Log-In ចូលវិបសាយផ្សេង។ ឧបករណ៍នេះគឺរងការប៉ះពាល់ខ្លាំងបំផុតចំពោះអ្នកដែលប្រើប្រាស់ឈ្មោះគណនី និងលេខសម្ងាត់ដូចគ្នាសម្រាប់ប្រព័ន្ធផ្សេងៗគ្នា។
មកទល់ពេលនេះដែរ គេនៅមិនទាន់ឃើញមានការឆ្លើយតបពីក្រុមហ៊ុន Zoom នៅឡើយទេ។ ប្រជាប្រិយភាពរបស់ Zoom បានផ្ទុះឡើងស្របពេលនៃការផ្ទុះជំងឺកូវីដ១៩ ដែលតម្រូវឲ្យមនុស្សទាំងអស់ត្រូវស្ថិតនៅដោយឡែកពីគ្នា ដើម្បីកាត់បន្ថយការឆ្លងជំងឺនេះ។ ពេលនេះចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃឡើងដល់ជាង ២០០ លាននាក់ ដែលមុនការផ្ទុះជំងឺមានត្រឹម ១០ លាននាក់៕









