Facebook បានសម្រេចយល់ព្រមតាមការទាមទាររបស់រដ្ឋាភិបាលវៀតណាម ដែលសុំឲ្យបង្កើនការបិទបាំងនូវការបង្ហោះប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងដោយរដ្ឋវៀតណាម បានកៀបសង្កត់លើការចូលប្រើ Facebook នៅវៀតណាម។ នេះបើតាម Reuters បានចុះផ្សាយនាថ្ងៃអង្គារ។
ផ្អែកតាម Reuters បានឲ្យដឹងថាក្រុមហ៊ុនទូរគមនាគមន៍វៀតណាម បានចាប់ផ្ដើមបើកការវាយប្រហារលើការចូលប្រើ Facebook របស់អ្នកប្រើក្នុងស្រុក ដែលបានប៉ះពាល់ដល់ Server របស់ Facebook រយៈពេល ៧ សប្ដាហ៍ ចាប់ពីខែកុម្ភៈ ដល់ដើមខែមេសា។ ប្រភពមួយនិយាយថាយុទ្ធនាការនេះធ្វើឡើងដើម្បីដាក់សម្ពាធលើ Facebook ឲ្យបង្កើនកិច្ចសហការក្នុងការបិទបាំងការបង្ហោះដែលប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម។
នាអំឡុងពេលនេះ ស្ថាប័នសារព័ត៌មានរដ្ឋ និងក្រុមហ៊ុនទូរគមនាគមន៍បានបំភ័ន្តភ្នែកមហាជនថាការមិនអាចភ្ជាប់ជាមួយ Facebook បានគឺដោយសារតែបញ្ហាទាក់ទងនឹងខ្សែកាបអ៊ីនធឺណិតនៅបាតសមុទ្រ។
Facebook បានបញ្ជាក់ទៅកាន់ Reuters ថាខ្លួនបានសម្រេចយប់ព្រមធ្វើការរឹតត្បិតការចូលមើលការបង្ហោះណាដែលរដ្ឋាភិបាលវៀតណាម ចាត់ទុកថាល្មើសនឹងច្បាប់៕









