ខណៈពេលដែល មនុស្សជាច្រើននាក់ បានចាប់ផ្ដើមបន្ដការសិក្សា និងធ្វើការងារតាមផ្ទះវិញ ដូច្នេះហើយពួកគេក៏បានជ្រើសរើសយកកម្មវិធី Zoom មកធ្វើជាមធ្យោបាយ ក្នុងការហៅជាវីដេអូតែម្ដង ព្រមទាំងធ្វើឲ្យកម្មវិធីនោះ ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន។ ចំណែកឯមកដល់ពេលថ្មីៗនេះ Facebook ក៏បានបញ្ចេញមុខងារ ហៅជាវីដេអូថ្មីមួយទៀតដែរ ដោយវាមានឈ្មោះថា Messenger Rooms ជាមួយមុខងារពិសេសជាច្រើន ដែលរួមមានទាំង ការហៅបានសរុបដល់ទៅ 50 នាក់ឯណោះ។
ក្រៅពីអាចចូលរួមបានមនុស្ស 50 នាក់ក្នុងពេលតែមួយហើយ នោះគឺថាសម្រាប់អ្នកគ្មានគណនី Facebook ក៏អាចចូលរួមក្នុងការហៅជាវីដេអូបានដែរ ដោយគ្រាន់តែចុចចូលតាមតំណភ្ជាប់ (Link) ដែលបានចែករំលែកទៅឲ្យតែប៉ុណ្ណោះ។ ហាក់បីដូចជា ការហៅជាវីដេអូនៅលើ Messenger ពីមុនអញ្ចឹងដែរ ដោយអ្នកប្រើប្រាស់ Messenger Rooms នេះ នឹងអាចផ្លាស់ប្ដូរម៉ូតផ្ទៃខាងក្រោយ, ដាក់មុខតុក្កតា ឬ ពន្លឺភ្លើង Effect នានាបានជាច្រើនដដែល ដើម្បីឲ្យការហៅជាវីដេអូ កាន់តែសប្បាយថែមទៀត។
ចំពោះអ្នកបង្កើតការហៅជាវីដេអូនៅលើ Messenger Rooms មុនដំបូងគេ នឹងមានសិទ្ធិក្នុងការកំណត់លើអ្នកចូលរួមម្នាក់ ឬ ដកចេញពីការហៅនោះបាន។ លើសពីនេះទៅទៀត Messenger Rooms មិនត្រឹមតែមាននៅលើកម្មវិធី Messenger មួយនោះទេ ព្រមទាំងអាចឲ្យយើងបង្កើតវាបាន នៅលើផ្ទាំង News Feed នៃកម្មវិធី Facebook ផ្ទាល់ ឬក៏នៅក្នុង Group របស់ Facebook ក៏បានដែរ។ ស្របនឹងពេលប្រកាសចេញនេះ គឺក្រុមការងាររបស់ Facebook បានសន្យាមកថា វានឹងមានវត្តមាននៅលើប្រអប់សារ Instagram Direct, WhatsApp និង Portal ឆាប់ៗខាងមុខនេះដែរហើយ។
មុខងារ Messenger Rooms នឹងចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់នៅក្នុងសប្ដាហ៍ ក្នុងប្រទេសមួយចំនួនសិន ហើយបានបញ្ចេញទៅឲ្យតាមប្រទេសដទៃៗទៀត នៅក្នុងសប្ដាហ៍ក្រោយជាបន្ដបន្ទាប់ នេះបើយោងទៅតាម Facebook បានបញ្ជាក់ប្រាប់មក។ ហេតុដូច្នេះហើយ បន្ទាប់ពីមុខងារនេះ មានភាពទូលំទូលាយ នោះអ្នកប្រើប្រាស់ Facebook ទាំងឡាយ ប្រាកដជាកាន់តែមានភាពងាយស្រួល ក្នុងការទំនាក់ទំនងគ្នា ថែមទាំងទុកប្រើសម្រាប់ការសិក្សា ឬ ត្រូវការប្រជុំការងារតូចធំ ជាដើម។









