ទារក២នាក់​ក្នុងចំណោម១៣នាក់​ត្រូវបាន​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​ក្នុងការ​វាយប្រហារ​នៅ​ភាគ​ខាងលិច​ក្រុង​កា​ប៊ុល

0

មាន​ករណី​វាយឆ្មក់​ដ៏​ឃោរឃៅ​មួយ​បាន​កើតឡើង​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​ខាងលិច​ទីក្រុង​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ជា​កន្លែង​ដែល​អង្គភាព​វេជ្ជបណ្ឌិត​គ្មាន​ព្រំដែន (MSF) ធ្វើ​ប្រតិបត្តិការ​សម្ភព។

ហេតុការណ៍​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​ចំនួន ១៣នាក់​ស្លាប់ ដោយ​ក្នុងនោះ​មាន​ទាំង​ទារក ២នាក់​ផងដែរ។ ក្រុម​ភារ​វករ​ត្រូវបាន​សមត្ថកិច្ច​បាញ់សម្លាប់​ទាំងអស់​ក្រោយពី​មានការ​ប្រឈមមុខ​ដាក់​គ្នា​អស់​រយៈពេល​ជាច្រើន​ម៉ោង។

ខ្មាន់កាំភ្លើង​បានធ្វើការ​វាយប្រហារ​លើ​មន្ទីរពេទ្យ​ដែលមាន​គ្រែ​ចំនួន១០០គ្រែ ហើយ​មន្ទី​ពេទ្យ​នោះ​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់ Dasht-e-Barchi នៃ​រដ្ឋធានី​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ។ យ៉ាងហោចណាស់​មានការ​ផ្ទុះ​យ៉ាងខ្លាំង​ចំនួន​ពីរ​ត្រូវបាន​គេ​លឺ​ចេញពី​ទីតាំង​កើតហេតុ ក្រោយពី​ការផ្ទុះអាវុធ​បានកើត​ឡើង។ គេ​រាយការណ៍​ថា ការវាយប្រហារ​ចាប់ផ្តើម​កើតឡើង នៅពេល​មាន​បុរស​ពាក់​ឯកសណ្ឋាន​យោធា​ធ្វើការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ច្រកចូល​បរិវេណ​មន្ទី​ពេទ្យ  បន្ទាប់មក​បុរស​នោះបាន​សម្រុក​ចូលធ្វើការ​បាញ់ប្រហារ​ដោយ​ប្រើ​កាំភ្លើង និង​គប់​គ្រាប់បែកដៃ។

កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្កា​នី​ស្ថាន​ចូលធ្វើ​ប្រតិបត្តិការ​នៅ​កន្លែងកើតហេតុ ហើយ​ការប្រឈមមុខ​ដាក់គ្នា​បានបញ្ចប់​នៅ​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ ក្រោយមក​ខ្មាន់កាំភ្លើង​ទាំងអស់​ត្រូវបាន​សម្លាប់។ ការ​វាយឆ្មក់​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​ចំនួន១៣នាក់​ស្លាប់ នៅក្នុង​មន្ទីរពេទ្យ ដោយ​នៅក្នុង​ចំនួន​នោះ​មាន​ទទា​រក​ដែល​ទើបនឹង​កើត​ចំនួន២នាក់។ មនុស្ស​ចំនួន១៥ នាក់​បាន​រងរបួស​ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដទៃទៀត​ដើម្បី​ព្យាបាល។

គេ​មិនទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​អ្នក​វាយប្រហារ​ទាំង៤នាក់​នោះភ្លាមៗទេ។ ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​បដិសេធថា សមាជិក​របស់​ពួកគេ​ពុំមាន​ជាប​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ទៅលើ​មន្ទីរពេទ្យ ដែល​ការអះអាង​នេះ​នាំឱ្យ​មានការ​សន្និដ្ឋានថា សមាជិក​រដ្ឋ  អ៊ីស្លាម (IS ដែលជា​អតីត ISIS) ត្រូវតែ​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ។

ក្រុម IS បានប្រកាស​ទទួលស្គាល់​ចំពោះ​ការវាយប្រហារ​ដែលមាន​លក្ខណៈ​លេចធ្លោ​ជាច្រើន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ​រួមទាំង​ចំពោះ​ការវាយប្រហារ​មួយ​លើ​ប្រាសាទ Sikh នៅ​ខែមីនា។ សង្កាត់ Dasht-e-Barchi ជា​ផ្ទះ​របស់​ជនជាតិ Hazaras ជាច្រើន​នាក់ ដែល​ពួកគេ​ជា​សមាជិក​នៃ​ជនជាតិភាគតិច Shia។ ក្រុម​ភេរ​វករ IS ដែលជា​ក្រុម​ជ្រុលនិយម Sunni ជារឿយៗធ្វើការ​វាយប្រហារ​ដោយ​កំណត់​គោលដៅ​ផ្តោតលើ​ក្រុម​និកាយ​ស៊ី​អ៊ី​ត (Shiites)។

គេ​រាយការណ៍​ថា អ្នក​វាយប្រហារ​ទាំងនោះ​បាន​ព្យាយាម​ចូលទៅក្នុង​ផ្ទះសំណាក់​មួយ​នៅក្បែរ​បរិវេណ​មន្ទីរពេទ្យ ដែលមាន​បុគ្គលិក​ពេទ្យ​បរទេស​ស្នាក់នៅ។ អង្គភាព​ពេទ្យ MSF បាន និង​កំពុងតែ​គាំទ្រ​ដល់​មន្ទីរពេទ្យ Dasht-e-Barchi ដែល​ផ្តល់​ការថែទាំ​សុខភាព​មាតា។ អង្គភាព​នេះ​និយាយថា មន្ទី​ពេទ្យ​នេះ​ជា​កន្លែង​តែមួយគត់​នៅក្នុង​សង្កាត់​ដែល​ប្រជាជនមាន​ចំនួន​ច្រើនជាង​មួយ​លាន​នាក់ ហើយ​វា​ជាម​ន្ទី​ពេទ្យ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ដឹកជញ្ជូន​អ្នកជំងឺ​បន្ទាន់ និង​ធ្វើការ​ជ​ញ្ចូ​ន​ស្មុគស្មាញ៕

ប្រភពព័ត៌មាន​ RT ផ្សាយ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here