មន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារក្នុងវិហារអ៊ីស្លាមមួយនៅកណ្តាលប្រទេសអាហ្វហ្គានីស្ថាន។ហេតុការណ៍នោះបានសម្លាប់អ្នកបួងសួងយ៉ាងតិចចំនួន៧នាក់ និងបណ្តាលឱ្យមនុស្សចំនួន៥នាក់ផ្សេងទៀតរងរបួស។
លោក Haroon Mubarez មេប៉ូលិសខេត្ត Parwan មានប្រសាសន៍នៅថ្ងៃអង្គារថាខ្មាន់កាំភ្លើងបានចូលទៅក្នុងវិហារមូស្លីមខណៈពេលដែលអ្នកបួងសួងកំពុងធ្វើពិធីបន់ស្រន់នៅពេលល្ងាចក្រោយពីបញ្ចប់ពិធីបុណ្យរ៉ាម៉ាដាន។
គេមិនទាន់ច្បាស់ថា មានខ្មាន់កាំភ្លើងប៉ុន្មាននាក់បានចូលរួមធ្វើការវាយប្រហារនោះទេ។
ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានបញ្ជាក់ពីការវាយប្រហារនៅថ្ងៃអង្គារក្នុងសង្កាត់ Parre ទីក្រុង Charekar ដោយលោកបានបន្ទោសការវាយប្រហារទៅលើក្រុមតាលីបង់។ ក្រុមប្រដាប់អាវុធតាលីបង់បានបដិសេធមិនទទួលខុសត្រូវចំពោះការវាយប្រហារ៕
ប្រភពព័ត៌មាន aljazeera ផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០









