ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ដោយដកស្រង់ព័ត៌មានពីប្រភពភ្នាក់ងារស៊ើបអង្កេតអ៊ីរ៉ាក់ថា ក្រុមចារកម្មអ៊ីរ៉ាក់បានចាប់ខ្លួនមេដឹកនាំម្នាក់សង្ស័យថាជាសមាជិករដ្ឋអ៊ីស្លាម (IS អតីត ISIS) ។
របាយការណ៍នៅល្ងាចថ្ងៃពុធនិយាយអំពីការចាប់ខ្លួនមនុស្សម្នាក់ដែលគេស្គាល់ថាជាលោក Abd Nasser Qardash ឬ Abdel Nasser Qirdash។ របាយការណ៍ផ្សេងទៀតកំណត់អត្តសញ្ញាណបុរសនោះថាមានឈ្មោះ Abu Ibrahim al-Hashemi al-Qurashi ជាឈ្មោះដែលក្រុម IS ដាក់ឱ្យនៅខែតុលា ឆ្នាំ២០១៩ និងជាអ្នកស្នងតំណែងពីមេដឹកនាំលោក Abu Bakr al-Bahgdadi។ លោក Abu Bakr al-Bahgdadi ស្លាប់នៅក្នុងការវាយឆ្មក់របស់កងកំលាំងពិសេសសហរដ្ឋអាមេរិក។
លោក Al-Baghdadi បានលាក់ខ្លួននៅក្នុងខេត្តអ៊ីដលីបរបស់ប្រទេសស៊ីរីជាទីកន្លែងស្ថិតនៅក្រោមការកាន់កាប់របស់សកម្មប្រយុទ្ធដែលមានការគាំទ្រពីប្រទេសទួរគី។ ក្រុម IS ដណ្តើមបានការកាន់កាប់ទឹកដីមួយចំណែកធំនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់នៅឆ្នាំ២០១៣ ហើយពួកគេបានប្រកាសពីកំណើតក្រុម “caliphate” ដឹកនាំដោយលោក al-Baghdadi នៅរយៈពេលមួយឆ្នាំក្រោយមកទៀត។
ទឹកដីទាំងអស់ដែលក្រុមឧទ្ទាមអះអាងដណ្តើមបានការកាន់កាប់នៅទីបំផុតក៏ត្រូវកំលាំងរដ្ឋាភិបាលស៊ីរី យោធាអ៊ីរ៉ាក់ ឬកងជីវពលឃឺដ គាំទ្រដោយសហរដ្ឋអាមេរិកដណ្តើមបានយកមកគ្រប់គ្រងឡើងវិញនៅខែមីនា ឆ្នាំ២០១៩ បណ្តាលឱ្យក្រុម “caliphate” លែងមានទឹកដី និងលែងមានមេដឹកនាំក្រុម៕
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០









