រដ្ឋមន្ត្រីការបរទេសព័រទុយហ្កាល់លោក Augusto Santos Silva និយាយនៅថ្ងៃសុក្រនេះថាទ្វារប្រទេសបើកចំហសម្រាប់ភ្ញៀវទេសចរហើយ។ ប្រទេសនេះក្លាយជារដ្ឋមួយក្នុងចំណោមរដ្ឋអឺរ៉ុបដំបូងគេក្នុងការស្វាគមន៍ភ្ញៀវទេសចរមកពីកន្លែងផ្សេងទៀតនៅក្នុងទ្វីបនេះ។
លោក Santos Silva ប្រាប់សារព័ត៌មាន Observador ដោយពន្យល់ថា ភ្ញៀវទេសចរត្រូវបានស្វាគមន៍នៅក្នុងប្រទេសព័រទុយហ្កាល់ដោយពន្យល់ថា ការត្រួតពិនិត្យសុខភាពមួយចំនួននឹងត្រូវបានណែនាំនៅតាមអាកាសយានដ្ឋាន ប៉ុន្តែមិនមានការដាក់អោយនៅដាច់ដោយឡែកសម្រាប់អ្នកដែលហោះហើរឡើយ។
សារព័ត៌មានរ៉យទ័រនិយាយថារហូតមកដល់ពេលនេះ ប្រទេសព័រទុយហ្កាល់គឺមានករណីឆ្លងកូវីដ ១៩ ចំនួន ៣០,២០០ ករណី និងការស្លាប់ ១,២៨៩ នាក់។ ប្រទេសនេះកំពុងបន្ធូរបន្ថយការរឹតត្បិតជាបណ្តើរៗ ចាប់តាំងពីពាក់កណ្តាលខែមីនាមក។ ហាងជាច្រើនបានបើកដំណើរការឡើងវិញក្រោមការរឹតត្បិតយ៉ាងតឹងរឹងដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍របស់ប្រទេសនេះ។
ការហោះហើរទៅនិងមកពីខាងក្រៅសហភាពអ៊ឺរ៉ុបនៅតែត្រូវបានផ្អាកជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី ១៥ ខែមិថុនាដោយមានការលើកលែងមួយចំនួនរួមមាន ផ្លូវមួយចំនួនទៅ និងមកពីប្រទេសដែលនិយាយភាសាព័រទុយហ្កាល់ដូចជាប្រេស៊ីលជាដើម៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០









