នៅថ្ងៃអង្គារក្នុងគណៈរដ្ឋមន្ត្រីនៃប្រទេសថៃបានបន្ថែមក្រឹត្យបន្ទាន់មួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី៣០ ខែមិថុនា។
អ្នកនាំពាក្យម្នាក់បានបដិសេធចំពោះការលើកឡើងរបស់ក្រុមប្រឆាំងដែលថានាយករដ្ឋមន្ត្រីដែលជាមេដឹកនាំរបបយោធាម្នាក់កំពុងវិលត្រឡប់ទៅរកអំណាចដែលពុំមានការត្រួតពិនិត្យ។ ស្ថានភាពអាសន្នក្នុងប្រទេសបានប្រកាសនៅចុងខែមីនា ខណៈពេលមានការតវ៉ារបស់សិស្សប្រឆាំងនឹងការហាមឃាត់លើគណបក្សប្រឆាំងនឹងនាយករដ្ឋមន្ត្រី Prayuth Chan-ocha។
ដោយសារតែករណីឆ្លងជំងឺថ្មីមានការថយចុះឥស្សរជនប្រឆាំងមួយចំនួនបានលើកឡើងថា ក្រឹត្យបន្ទាន់គួរតែអនុញ្ញាតិឱ្យផុតសុពលភាព។ ភ្នាក់ងារសាព័ត៌មាននិយាយថា ប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ចំនួន៣,០៤៥ករណី និងអ្នកស្លាប់មានចំនួន៥៧នាក់។
លោក Prayuth Chan-ocha បានដណ្តើមអំណាចជាលើកដំបូងក្នុងរដ្ឋប្រហារយោធាមួយនៅឆ្នាំ២០១៤ ហើយការបោះឆ្នោតមានជម្លោះនៅឆ្នាំមុនបានបង្កើតរដ្ឋាភិបាលចម្រុះមួយដឹកនាំដោយគណបក្សគាំទ្រកងទ័ពរបស់លោក។ ក្រឹត្យគ្រាអាសន្ននេះផ្តល់សិទ្ធិអំណាចយ៉ាងទូលំទូលាយក្នុងការកំហិតការប្រមូលផ្តុំ ការបញ្ជាឱ្យបិទអាជីវកម្ម ការដាក់បំរាមគោចរ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលសកម្មភាពនោះមានឥទ្ធិពលដូចគ្នានឹងអតីតរបបយោធា៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០