យោងតាមប្រភពផ្លូវការមួយបានឲ្យដឹងថា ផ្លូវនៅសុងត្រាលត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង ខណៈដែលការស៊ើបអង្កេតត្រូវបានអនុវត្ត។ ហើយបន្ទាប់មកមនុស្សពីរនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីរកឃើញគ្រឿងផ្ទុះដែលសង្ស័យ នៅទីក្រុងឡេស្ទ័រ ចក្រភពអង់គ្លេស។
ប៉ូលិសទីក្រុងឡេស្ទ័របាននិយាយថា មានគេហៅពួកគាត់ឲ្យទៅកាន់អាសយដ្ឋាន ផ្លូវសុងត្រាល ប្លុកហុងហ្គលេស្កូត កាលពីរសៀលថ្ងៃពុធនេះ។
នៅតាមបណ្តោយផ្លូវនៅជិតផ្លូវប្រីជក៏ត្រូវបានបិទ និងអ្នករស់នៅក្បែរនោះក៏ត្រូវបានជម្លៀសចេញ ខណៈការស៊ើបអង្កេតត្រូវបានអនុវត្ត។
អង្គភាពកម្ចាត់អាវុធជាតិផ្ទុះបានពិនិត្យវត្ថុនោះ ហើយបាននិយាយថា “វាមិនត្រូវបានគេចាត់ទុកថាជាគ្រឿងផ្ទុះដែលអាចប្រើបានទេ”។ បុរសម្នាក់និងស្ត្រីម្នាក់ដែលនៅផ្ទះនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយសង្ស័យពីបទប្រើប្រាស់អាវុធ និងនៅតែស្ថិតក្នុងការឃុំឃាំងរបស់ប៉ុលិស។
ផ្លូវត្រូវបានបើកឡើងវិញ ហើយប្រជាពលរដ្ឋរស់នៅទីនោះត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះជាធម្មតាវិញ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន