បរទេស៖ យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់ នៅក្នុងហេតុការណ៍បំផ្ទុះរថយន្តមួយ នៅក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី ហើយហេតុការណ៍មួយនេះត្រូវបានក្រុមប្រដាក់អាវុធ al-Shabab ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងក្រុមអាល់កៃដាអះអាងថាជាទង្វើរបស់ពួកគេ។
អាជ្ញាធរបានបញ្ជាក់ឱ្យដឹងថា គោលដៅនៃការបំផ្ទុះនេះគឺសំដៅទៅលើក្បួនរថយន្តមួយ ប៉ុន្តែមិនបានបញ្ជាក់ថាក្បួនរថយន្តនោះជារបស់នរណាឡើយ ដោយគ្រាន់តែដឹងថា ក្នុងហេតុការណ៍នេះមានមនុស្ស ៨នាក់បានស្លាប់។
នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយរបស់ក្រុមប្រដាក់អាវុធ al-Shabab បាននិយាយថា ខ្លួនកំពុងកំណត់គោលដៅវាយប្រហារទៅលើ «មន្ត្រីបរទេស» ហើយបើយោងតាមការសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ក្បួនរថយន្តដែលត្រូវបានវាយប្រហារគឺមានសន្តិសុខឯកជនជាច្រើននាក់៕
ប្រភពព័ត៌មាន aljazeera ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ កែវ វល័ក្ខ