យោងតាមប្រភពផ្លូវការបានឱ្យដឹងថា ភេរវករបានបាញ់ទៅលើម្ចាស់ហាង គាហ្សមីរី ផាឌីត (Kashmiri Pandit) និងបង្ករបួសស្នាមដល់គាត់នៅក្នុងសង្កាត់ស៊បពាន នៃចាមមូ និងកាស្មៀរ កាលពីថ្ងៃចន្ទ។
បុរសម្នាក់ ដែលគេស្គាល់ថាឈ្មោះ បាល គ្រីសណាន (Bal Krishnan) រស់នៅភូមិចូទីហ្គាមក្នុងសង្កាត់ស៊បពាន របួសដៃ និងជើង។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយោធានៅទីក្រុងស្រីណាហ្គារ ដែលគ្រូពេទ្យបានបញ្ជាក់ថាស្ថានភាពរបស់គាត់មានសុវត្តិភាព។
មន្ត្រីផ្លូវការបាននិយាយថា មន្ត្រីយោធា និងប៉ូលិសបានប្រញាប់ប្រញាល់ទៅភូមិ នៅពេលទទួលព័ត៌មាន អំពីការវាយប្រហារលើម្ចាស់ហាង គាហ្សមីរី ផាឌីត។
ក្នុងហេតុការណ៍មួយផ្សេងទៀត បុគ្គលិករបស់ការិយាល័យកណ្តាលកងកម្លាំងប៉ូលិសបម្រុង (CRPF) ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសក្នុងការវាយប្រហារភេរវកម្មនៅម៉ៃលសុម៉ា ក្នុងឡាលចូក របស់ទីក្រុងស្រីណាហ្គារ កាលពីថ្ងៃច័ន្ទ។ អ្នករងរបួសទាំងពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលម្នាក់ក្នុងចំណោមពួកគេស្លាប់ពេលទៅដល់មន្ទីពេទ្យ៕
ប្រភពព័ត៌មាន hindustantimes ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន