ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ខណៈដែលក្រុមសកម្មប្រយុទ្ធតាលីបង់បដិសេធចំពោះចំនួនមនុស្សស្លាប់ ២០នាក់

0

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ (ISIS) កាលពីថ្ងៃចន្ទបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ លើក្រុមសកម្មប្រយុទ្ធតាលីបង់នៅក្នុងទីក្រុងកាប៊ុល។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បាននិយាយនៅក្នុងក្រុមតេឡេក្រាមថា ការវាយប្រហារកាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្ស ២០នាក់ និងបង្ករបួសមនុស្ស ៣០នាក់។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​គ្រប់គ្រង​ដោយ​ក្រុម​សកម្មប្រយុទ្ធតាលីបង់​អាហ្វហ្គានីស្ថានបាននិយាយថា ហេតុការណ៍ផ្ទុះនៅខាងក្រៅអាកាសយានដ្ឋានយោធាក្នុងទីក្រុងកាប៊ុលបានបង្ករបួសដល់មនុស្សជាច្រើននាក់។

យ៉ាងណាមិញ ប្រភពក្រសួង​មហាផ្ទៃ​បាន​បដិសេធ​ចំពោះ​តួលេខ​ជនរងគ្រោះ​ដែល​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ (ISIS) បានអះអាងនោះ ហើយក្រសួង​មហាផ្ទៃ​បាននិយាយថា ពួកគេនឹងបញ្ចេញតួលេខមនុស្សស្លាប់ជាផ្លូវការ។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ (ISIS) បាន​អះអាងចំពោះ​ការ​វាយ​ប្រហារ​កម្រិត​ខ្ពស់​ជា​ច្រើននៅ​ក្នុង​ទីក្រុង​កាប៊ុល រាប់បញ្ចូលទាំងការវាយ​ប្រហារ​នៅ​សណ្ឋាគារ​មួយ​ដែលបាន​ទទួល​ភ្ញៀវ​ពាណិជ្ជករ​ចិន និងការបាញ់ប្រហារនៅស្ថានទូតប៉ាគីស្ថាន ដោយ​ទីក្រុង​អ៊ីស្លាម៉ាបាដ​បានចាត់ទុកថា នោះគឺជាការ​ប៉ុនប៉ង​ធ្វើ​ឃាត​ប្រឆាំង​នឹង​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន  ដែលបានរត់គេចខ្លួនដោយគ្មានគ្រោះថ្នាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន ndtv ចុះផ្សាយថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here