ក្រុមឧទ្ទាមហ៊ូធីនៃប្រទេសយ៉េមែន ចោទប្រកាន់លើកម្លាំងចម្រុះ ពីបទវាយប្រហារដោយប្រើរថយន្តគ្មានមនុស្សបញ្ជាទៅលើទីក្រុងកំពង់ផែ

0

ប្រទេសយ៉េមែន៖ទូរទស្សន៍របស់ក្រុមឧទ្ទាមហ៊ូធី អាល់ ម៉ាស៊ីរ៉ាស់ បានចុះផ្សាយកាលពីថ្ងៃអាទិត្យថា កម្លាំងចម្រុះដឹកនាំដោយកម្លាំងអារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបញ្ជា ១២គ្រឿង ទៅលើទីតាំងរបស់ក្រុមឧទ្ទាមហ៊ូធី នៅកំពង់ផែរ៉េដស៊ី ក្នុង ទីក្រុងហ៊ូដេសដាស់ ក្នុងរយៈពេល ២៤ម៉ោង។

ការវាយប្រហារនោះស្ថិតក្នុងចំណោមការបំពានទៅលើបទឈប់បាញ់លើកទី១៦៤នៅក្នុងទីក្រុង ដែលធ្វើឡើងដោយកម្លាំងចម្រុះ​ រាប់បញ្ជូលទាំងការប៉ុនប៉ងវាយប្រហាររបស់កម្លាំងលើដី ទៅលើស្រុកហេ នៅភាគ​ខាង​ត្បូង​នៃ​ទីក្រុង។ កម្លាំងចម្រុះដឹកនាំដោយកម្លាំងអារ៉ាប៊ីសាអូឌីត និងរដ្ឋាភិបាលយេម៉ែន មិនទាន់បានបញ្ចេញមតិទៅលើការចោទប្រកាន់នេះនៅឡើយទេ។

ទីក្រុងហ៊ូដេសដាស់ បានប្រឈមជាមួយនឹងបទឈប់បាញ់ដ៏រង្គោះរង្គើរវាងកម្លាំងរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយកម្លាំងចម្រុះ និងក្រុមឧទ្ទាមហ៊ូធី ចាប់តាំងពីមានបទឈប់បាញ់ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិនៅទីក្រុងស្តុកខម កាលពីខែធ្នូ ឆ្នាំ២០១៨។

ទីក្រុងយុត្តិសាស្ត្រត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី ខណៈដែលកម្លាំងរដ្ឋាភិបាល បានពង្រាយទ័ពទៅដល់ស្រុកភាគខាងត្បូង។

ប្រទេសយេម៉ែន បានជាប់គាំងនៅក្នុងសង្រ្គាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤មក នៅពេលដែលក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារទៅលើទីក្រុងភាគខាងជើងជាច្រើន ហើយបានបង្ខំឱ្យរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយកម្លាំងអារ៉ាប៊ីសាអូឌីតចាកចេញពីទីក្រុងសាណា។

គួររំលឹកផងដែរថា កម្លាំងចម្រុះដឹកនាំដោយកម្លាំងអារ៉ាប៊ីសាអូឌីត ធ្លាប់បានធ្វើអន្តរាគមន៍ក្នុងជម្លោះប្រទេសយេម៉ែនកាលពីឆ្នាំ២០១៥ ដើម្បីគាំទ្រដល់កម្លាំងរដ្ឋាភិបាលយេម៉ែន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សយថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here