ប្រទេសសូម៉ាលី៖មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃចន្ទថា កម្លាំងសន្តិសុខសូម៉ាលី គាំទ្រដោយកម្លាំងអន្តរជាតិ បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ៦១នាក់ ក្នុងប្រតិបត្តិការរួមគ្នាពេញមួយយប់ ដែលធ្វើឡើងនៅតំបន់ហាវ៉ាដល នៅកណ្តាលប្រទេសូម៉ាលី កាលពីយប់ថ្ងៃអាទិត្យ។
លោក អាប់ដៀរ៉ាម៉េន យូសូហ្វ អាល់ អាដាឡា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយថា កម្លាំងសម្ព័ន្ធមិត្តបានធ្វើប្រតិបត្តិការពិសេសមួយ កំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ១៥០នាក់ ដែលមានបំណងវាយប្រហារទៅលើកម្លាំងទ័ពជាតិសូម៉ាលី (SNA) និងកម្លាំងក្នុងតំបន់។ កម្លាំងរបស់ភ្នាក់ងារសន្តិសុខជាតិដែលមានការគាំទ្រពីកម្លាំងអន្តរជាតិ បានបង្ករបួសដល់ក្រុមសកម្មប្រយុទ្ធជាច្រើននាក់ផងដែរ បន្ទាប់ពីបានធ្វើប្រតិបត្តិការពិសេសប្រឆាំងនឹងពួកគេនៅក្នុងតំបន់ មីដដល ស្ហារបែល។
លោកបាននិយាយថា ក្រុមសកម្មប្រយុទ្ធបានរៀបចំរថយន្តពីរគ្រឿង ដែលផ្ទុកទៅដោយគ្រឿងផ្ទុះនៅកសិដ្ឋានមួយកន្លែង ដោយរថយន្តទាំងនោះមានគម្រោងបើកចូលទៅក្នុងតំបន់
ម៉ុងហ្កាឌីស្យុ ទីក្រុងនៃប្រទេសូម៉ាលី ប៉ុន្តែបេសសកម្មរបស់ពួកគេត្រូវបានទប់ស្កាត់ជាមុនដោយកម្លាំងសន្តិសុខបានបំផ្លាញរថយន្តទាំងនោះចោល។ ការបញ្ជាក់នេះធ្វើឡើងនៅរយៈពេលមួយថ្ងៃបន្ទាប់កម្លាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ចរចារសន្តិភាពដែលជាការចោទប្រកាន់ ក្រោយពីមន្ត្រីរដ្ឋាភិបាលបានអះអាងថា ក្រុមសកម្មប្រយុទ្ធមានឆន្ទៈចរចាជាមួយរដ្ឋាភិបាលដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសសូម៉ាលី។
លោក អាប់ដៀរ៉ាម៉េន យូសូហ្វ អាល់ អាដាឡា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប បានចូលទៅជិតរដ្ឋាភិបាលជាផ្លូវការដោយស្នើសុំការចរចាដើម្បីបញ្ចប់ការបះបោរដែលមានរយៈពេលច្រើនជាងពីរទសវត្សរ៍មកហើយ។
យ៉ាងណាមិញ ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប តាមរយៈប្រព័ន្ធផ្សព្វផ្សាយសម្ព័ន្ធរបស់ខ្លួនបានបដិសេធចំពោះការចោទប្រកាន់របស់អនុរដ្ឋមន្ត្រី ដោយចាត់ទុកថាពួកគេធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។
លោក ហ៊ូសេន ស្ហៀក អាលី ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសសូម៉ាលី បានបដិសេធចំពោះការចរចាជាមួយក្រុមសកម្មប្រយុទ្ធ ដោយបានសង្កត់ធ្ងន់ថា ជំហររបស់រដ្ឋាភិបាលទៅលើក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប គឺច្បាស់លាស់ណាស់។ លោកបាននិយាយថា ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប អ្នកដែលចង់ចុះចាញ់នឹងត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យមុននឹងពួកគេមានសិទ្ធិទទួលបានការលើកលែងទោសពីរដ្ឋាភិបាល។
គួររំលឹកផងដែរថា កម្លាំងសូម៉ាលី និងកម្លាំងអន្តរជាតិ របស់ពួកគេ បានបង្កើនប្រតិបត្តិការសន្តិសុខ កាលពីពេលថ្មីៗប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមអាល់ ស្ហារបាប នៅតំបន់ភាគខាងត្បូង និងកណ្តាល ក្នុងគោលបំណងដើម្បីរំដោះទីក្រុង ដែលគ្របគ្រងដោយក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប។ ចំណែកឯ ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប ត្រូវបានបណ្តេញចេញពីទីក្រុងម៉ុងហ្កាឌីស្យុកាលពីឆ្នាំ២០១១ បុន្តែក្រុមសកម្មប្រយុទ្ធទាំងនៅតែបន្តលាក់ខ្លួននៅតាមតំបន់ដាច់ស្រយាល ដោយធ្វើការវាយឆ្មក់ និងបង្កប់គ្រាប់មីនជាច្រើន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣