កាលពីថ្ងៃចន្ទនេះ ប្រភពសន្តិសុខមួយបាននិយាយថាក្រុមរដ្ឋអ៊ីស្លាមបានប្រហារជីវិតលើជនស៊ីវិលអ៊ីរ៉ាក់២នាក់ដោយព្យួរក បន្ទាប់ពីក្រុមនេះបានធ្វើការចាប់ពង្រត់ជនរងគ្រោះជិតមួយឆ្នាំ នៅក្នុងខេត្តឌីយ៉ាឡា (Diyala)។
គួររំលឹកថានៅរដូវក្តៅឆ្នាំ២០២១ ក្រុមសកម្មប្រយុទ្ធបានវាយឆ្មក់ចូលផ្ទះរបស់មេឃុំ រ៉ាប៊ី (Rabi’a) ក្នុងក្រុង សាអាឌីយ៉ា (Sa’adiyah) នៃខេត្តឌីយ៉ាឡា ដោយបានសម្លាប់បុរសម្នាក់ និងធ្វើការចាប់ពង្រត់កូនប្រុសរបស់គាត់ជាមួយអ្នកជិតខាងម្នាក់ទៀត។
យោងតាមប្រភពសន្តិសុខបាននិយាយអំពីប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមបានបញ្ចេញវីដេអូដែលបង្ហាញពីការប្រហារជីវិតដោយក្រុមសកម្មប្រយុទ្ធនាពេលថ្មីៗនេះ លើបុរសដែលពួកគេបានចាប់ពង្រត់។
គួរបញ្ជាក់ថាបើទោះបីជាក្រុមរដ្ឋអ៊ីស្លាមត្រូវបានកម្ចាត់នៅលើដីក្នុងប្រទេសអ៊ីរ៉ាក់តាំងពីឆ្នាំ ២០១៧ក៏ដោយ ក៏ក្រុមបះបោរនេះនៅតែបន្តធ្វើសកម្មភាពភេរវកម្មរបស់ពួកគេស្ថិតនៅក្នុងប្រទេស ជាពិសេសតំបន់ដែលមានជម្លោះរវាងរដ្ឋធានីអឺប៊ីល (Erbil) និងបាដាដ (Baghdad)។ ហើយថ្មីៗនេះផងដែរក៏មានការកើនឡើងនៃសកម្មភាព និងចលនារបស់ក្រុមជ្រុលនិយមស្ថិតនៅក្នុងខេត្តឌីយ៉ាឡា និងខេត្តកឺកុក (Kirkuk)។ កាសែត Wall Street Journal ថ្មីៗនេះបានព្រមានពីការកើនឡើងនៃសកម្មភាពរបស់ក្រុមរដ្ឋអ៊ីស្លាម អាចជាសញ្ញានៃការងើបឡើងវិញរបស់ក្រុមនេះស្ថិតនៅក្នុងតំបន់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣