ប្រទេសនីហ្សរីយ៉ា៖មន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងក្នុងហេតុការណ៍សម្លាប់សមាជិកយោធាប៉ារ៉ា ១២នាក់ ដោយក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ដែលបានវាយប្រហារលើតំបន់រ៉ុករករ៉ែ នៅរដ្ឋកាដូណា ភាគខាងជើងនៃប្រទេស។
លោក អូឡូសូឡា អូដូមូសូ អ្នកនាំពាក្យ NSCDC បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នៅទីក្រុងអាប៊ុចាថា ជនរងគ្រោះគឺជាសមាជិករបស់កម្លាំងសន្តិសុខ និងកម្លាំងការពារជនស៊ីវិលនីហ្សេរីយ៉ា ដែលហៅកាត់ថា NSCDC ដែលបានផ្តល់សេវាសន្តិសុខយាមល្បាតនៅតំបន់រុករករ៉ែគួរ៉ីហ្កា ក្នុងតំបន់ បៀរនីន វ៉ារ៉ី នៃខេត្តកាដូណា នៅពេលដែលក្មាន់កាំភ្លើងបានវាយប្រហារទៅលើទីតាំងនោះ កាលពីថ្ងៃចន្ទ។
បុគ្គលិក NSCDC ម្នាក់បានរត់គេចខ្លួនដោយមានរងរបួស នៅពេលដែលក្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើសមាជិក NSCDC នៅទីតាំងរ៉ុករករ៉ែ។ លោក អូដូមូសូ បានបន្ថែមឱ្យដឹងថា ក្មាន់កាំភ្លើងថែមទាំងនោះបានដកហូតយកកាំភ្លើងវែងពីជនរងគ្រោះទាំងនោះផងដែរ។
លោកបន្តថា សាកសពត្រូវបានតម្កល់នៅកន្លែងតម្កល់សព ខណៈដែលបុគ្គលិកសន្តិសុខរងរបួសគឺកំពុងសម្រាកព្យបាលនៅក្នុងមន្ទីពេទ្យ។ យ៉ាងណាមិញ គេមិនទាន់ដឹងពីគោលបំណងនៃការវាយប្រហារនេះនៅឡើយទេ។
បើយោងតាមការការចុះផ្សាយនៅលើវេបសាយរបស់ភ្នាក់ងារយោធាបានបញ្ជាក់ឱ្យដឹងថា NSCDC គឺជាភ្នាក់ងារយោធាប៉ារ៉ារបស់រដ្ឋាភិបាលនីហ្សេរីយ៉ា ត្រូវបានចាត់តាំងដើម្បីផ្តល់វិធានការនានាប្រឆាំងនឹងការគំរាមកំហែង និងទម្រង់នៃការវាយប្រហារ ឬគ្រោះមហន្តរាយណាមួយ ប្រឆាំងនឹងជាតិ និងពលរដ្ឋនីហ្សេរីយ៉ា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣