ប៉ាឡេស្ទីន៖ គ្រូពេទ្យប៉ាឡេស្ទីន និងទ័ពអ៊ីស្រាអែលម្នាក់បាននិយាយថា បុរសជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ដោយទាហានអ៊ីស្រាអែល នៅភាគខាងកើត ទីក្រុងរ៉ាម៉ាឡាស់នៃតំបន់វ៉េសបេងកណ្តាល។
មន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបាននិយាយលម្អិតបន្ថែមអំពីឧប្បត្តិហេតុដែលមានខ្លឹមសារថា លោក អាម៉ាដ ខាឡា មានអាយុ ៤៥ឆ្នាំ ត្រូវទាហានអ៊ីស្រាអែលបាញ់សម្លាប់នៅក្បែរទីក្រុងស៊ីលវ៉ាដ។
យ៉ាងណាមិញ អ្នកនាំពាក្យទាហានអ៊ីស្រាអែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនជាតិប៉ាឡេស្ទីនម្នាក់ដែលព្យាយាមចាក់សម្លាប់ទាហានអ៊ីស្រាអែលត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលម្នាក់ផ្សេងទៀត។
អ្នកនាំពាក្យបានបញ្ជាក់នៅក្នុងសេចក្តីថ្លៃងការណ៍ដដែលនេះឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន បានសំដៅទៅរកពួកគេខណៈដែលពួកគេកំពុងរត់ និងមានកាន់កាំបិតនៅក្នុងដៃ។ មុនពេលទៅដល់ទីតាំងយោធា ទាហានអ៊ីស្រាអែលម្នាក់បានបាញ់កាំភ្លើងតែពុំមានសេចក្តីរាយការណ៍ពីទាហានរងរបួសនោះទេ។
តាមប្រភពពីសន្តិសុខប៉ាឡេស្ទីនបានបដិសេធទៅលើការអះអាងរបស់ទាហានអ៊ីស្រាអែល។
ប្រភពព័ត៌មានផ្សេងទៀតបានប្រាប់អ្នកយកព័ត៌មានថា បុរសដែលត្រូវបានសម្លាប់បន្ទាប់ពី ប្រយុទ្ធគ្នាជាមួយទាហានអ៊ីស្រាអែល គឺក្រុមទាហានទាំងនោះបង្ខំឱ្យគាត់ចាកចេញពីរថយន្ត ហើយបន្ទាប់មកបាញ់សម្លាប់គាត់ភ្លាមៗតែម្តង។
មន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីននៅក្រុងរ៉ាម៉ាឡាស់បានរំលឹកផងដែរថា កាលពីថ្ងៃទី០១ ខែមករា ទាហានអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៣នាក់ នៅតំបន់វ៉េសបេង និងនៅទីក្រុងយេរ៉ូសាឡឹមខាងកើត រាប់បញ្ជូលទាំងអនីតិជន ៣នាក់ផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣