ប្រទេសសូម៉ាលី៖ ប្រភពយោធាបានអះអាងថា មន្ត្រីសន្តិសុខជាន់ខ្ពស់សូម៉ាលីម្នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១២នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតបង្កប់ក្នុងរថយន្ត ក្នុងស្រុកហាលហ្កាន នៅតំបន់កណ្តាលប្រទេសូម៉ាលី កាលពីថ្ងៃចន្ទ។
អាជ្ញាធរបាននិយាយថា លោក ចាមាល អាមិដ ចាមា មេបញ្ជាការនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មនៅទីក្រុងបាឡាវេន ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍វាយប្រហារ ខណៈដែលអ្នករងរបួសផ្សេងទៀតគឺជាជនស៊ីវិល។
លោក អូដូវ៉ា យូសូហ្វ រេក ប្រធានទ័ពការពារជាតិបានបញ្ជាក់ឱ្យដឹងថា គ្រឿងផ្ទុះដែលផ្ទុករថយន្ត បានផ្ទុះឡើងនៅក្នុងតំបន់ហាលហ្កាន ដែលមានចម្ងាយប្រមាណជា ៧៥គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងបាឡាវេន។ លោក រេក ដែលបានធ្វើសេចក្តីប្រកាសនៅក្នុងទីក្រុងមូហ្កាឌីស៊ូ ដែលជាទីក្រុងនៃប្រទេសសូម៉ាលីបានបន្ថែមឱ្យដឹងទៀតថា អ្នករងរបួសត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីពេទ្យ បន្ទាប់ពីការវាយប្រហារ ដែលអះអាងដោយក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប។
ឧបត្តិហេតុចុងក្រោយកើតឡើង ២ថ្ងៃបន្ទាប់ពីមានមនុស្ស១០នាក់ ត្រូវបានសម្លាប់់នៅក្នុងហេតុការណ៍វាយប្រហារ២ផ្សេងគ្នា នៅក្នុងតំបន់ចាឡាឡាក់ស៊ី និងតំបន់បួឡាបូត នៅក្នុងតំបន់ហៀររ៉ាន នៃតំបន់កណ្តាលប្រទេសសូម៉ាលី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣