ក្មាន់កាំភ្លើងបាញ់សម្លាប់អតីតសមាជិកសភាស្ត្រីអាហ្វហ្គានីស្ថាននៅក្នុង ទីក្រុងកាប៊ុល

0

ប្រទេសអាហ្វហ្គានីស្ថាន៖ លោក ខាលីដ ហ្សាដ្រាន អ្នកនាំពាក្យប៉ូលិសទីក្រុងកាប៊ុល បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមប្រដាប់ដោយអាវុធមិនស្គាល់អត្តសញ្ញាណ បានបាញ់ទៅលើលោកស្រី មួសាល ណាប៊ីហ្សាដា អតីតសមាជិកសភាស្ត្រីអាហ្វហ្គានីស្ថាន និងអង្គរក្សម្នាក់ទៀតនៅក្នុងគេហដ្ឋានរបស់លោកស្រី។

លោក ហ្សាដ្រាន ប្រាប់អ្នកយកព័ត៌មានថា៖ ឧប្បត្តិហេតុដ៏អាក្រក់បានកើតឡើងនៅ តំបន់អាម៉ាដ ស្ហាស់ បាបា មីណា ក្បែរតំបន់ប៉ូលិសឌីស្ទ្រីក២ នៃទីក្រុងកាប៊ុល ជាកន្លែងដែលក្រុមក្មាន់កាំភ្លើងសម្រុកចូលទៅក្នុងផ្ទះរបស់​លោកស្រី មួសាល ណាប៊ីហ្សាដា និងបាញ់រះ កាលពីយប់ថ្ងៃសៅរ៍ ដោយបានសម្លាប់លោកស្រី និងអង្គរក្សម្នាក់ទៀត ហើយថែមទាំងបណ្តាលឱ្យប្អូនប្រុសរបស់នាងម្នាក់រងរបួសធ្ងន់

អ្នកនាំពាក្យបានបន្ថែមឱ្យដឹងថា ការស៊ើបអង្កេតចាប់ផ្តើមដំណើរការដើម្បីវែកមុខជនដៃដល់ និងនាំយកមកផ្តន្ទាទោសតាមច្បាប់។

គួររំលឹកផងដែរថា លោកស្រី ណាប៊ីហ្សាដា ធ្លាប់បម្រើការងារជាសមាជិកនៃក្រុមវ៉ូឡេស៊ី ចៀរហ្កា ឬសភាជាន់ទាបនៃសភាអាហ្វហ្គានីស្ថាន ក្នុង​អំឡុង​ពេលដែល​អតីត​រដ្ឋាភិបាល​ដួល​រលំបន្ទាប់ពីការដកកងទ័ពដែលដឹកនាំដោយសហរដ្ឋអាមេរិកកាលពីខែសីហា ឆ្នាំ២០២១។

ពុំទាន់មានក្រុម ឬបុគ្គលណាមួយ អះអាងទទួលខុសត្រូវចំពោះការធ្វើឃាតអតីតសមាជិកសភារូបនោះនៅឡើយទេ។ ទាំងសមាជិកគ្រួសាររបស់នាង និងប៉ូលិសមិនទាន់ចោទប្រកាន់ទៅលើក្រុមណាមួយ ឬបុគ្គលណាមួយនោះទេ។

គួររំលឹកផងដែរថា ទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថានប្រឈមមុខនឹងកំណើនបញ្ហាសន្តិសុខនៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ការ​បំផ្ទុះ​នៅ​ក្បែរ​ក្រសួង​ការ​បរទេស​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់ ៥នាក់​ស្លាប់ និងមួយចំនួនផ្សេងទៀតរងរបួស កាលពីថ្ងៃពុធសប្តាហ៍មុន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here