យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមន្ត្រីប៉ូលិសម្នាក់ និងអ្នកបើកបររបស់គាត់ត្រូវបានសម្លាប់នៅពេលយប់ស្ថិតនៅភូមិចាបាលបូ (Jabal Bor) ជាយក្រុងកឺកុក (Kirkuk) ស្ថិតក្នុងស្ថានភាពហាក់បីដូចជាការវាយឆ្មក់ដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
គួរបញ្ជាក់ថា វរសេនីយ៍ទោណាវហ្សាដ អាលី (Nawzad Ali) និងអ្នកបើកបររបស់គាត់បានធ្វើដំណើរទៅកាន់តំបន់នោះ ដើម្បីត្រួតពិនិត្យមើលប៉ុស្តិ៍យោធានៅជាយក្រុងកឺកុក ខណៈពេលនោះពួកគេត្រូវបានស្ទាក់វាយប្រហារ និងសម្លាប់ដោយខ្មាន់កាំភ្លើងមិនស្គាល់មុខ។
ប្រភពពីនាយកដ្ឋានប៉ូលិសកឺកុកបាននិយាយថា ឧប្បត្តិហេតុនេះបានបង្ហាញពីទម្រង់នៃការចូលរួមរបស់ក្រុមរដ្ឋអ៊ីស្លាម។
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ត្រូវបានគេរាយការណ៍ថាបានដើរហើរដោយសេរីស្ថិតនៅក្នុងតំបន់មួយចំនួន ដែលនេះជាក្តីកង្វល់ផ្នែកសន្តិសុខសម្រាប់រដ្ឋាភិបាលក្នុងតំបន់ឃឺដ និងរដ្ឋាភិបាលសហព័ន្ធដែលស្ថិតនៅក្នុងរដ្ឋធានីបាដាដ។ ពួកគេត្រូវបានគេនិយាយថាមានសកម្មភាពជាច្រើនជាពិសេសនៅពេលយប់ដូចជា ការឆ្មក់ចូលផ្ទះប្រជាជន ការចាប់ពង្រត់ជនស៊ីវិល និងការស្ទាក់ចាប់បុគ្គលិកយោធាជាដើម។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣