ប្រទេសនីហ្សេរីយ៉ាជួយសង្គ្រោះចំណាប់ខ្មាំងចុងក្រោយពីការវាយប្រហារស្ថានីយ៍រថភ្លើង

0

ក្រុមមន្ត្រីបានប្រាប់នៅសប្តាហ៍នេះថា កងកម្លាំងសន្តិសុខនីហ្សេរីយ៉ាបានជួយសង្គ្រោះចំណាប់ខ្មាំងពីរនាក់ចុងក្រោយពីការចាប់ជំរិតនៅស្ថានីយ៍រថភ្លើងដ៏ល្បីមួយ និងបានចាប់ខ្លួនមនុស្ស ៧នាក់ រួមទាំងមេភូមិពីរនាក់។

ក្នុងការចាប់ជំរិតដ៏ធំចុងក្រោយគេនៅក្នុងប្រទេសនីហ្សេរីយ៉ានេះ ខ្មាន់កាំភ្លើងបានវាយប្រហារស្ថានីយ៍រថភ្លើងតាមជនបទនៅភាគខាងត្បូងរដ្ឋ អេដូ(Edo) កាលពីដើមខែនេះ ដោយបានចាប់ពង្រត់អ្នកដំណើរជាច្រើននាក់។

ការចាប់ពង្រត់នៅស្ថានីយ៍រថភ្លើង បានគូសបង្ហាញពីការរីករាលដាលនៃភាពអសន្តិសុខនៅក្នុងប្រទេស   នីហ្សេរីយ៉ា ដែលនឹងក្លាយជាបញ្ហាសំខាន់សម្រាប់អ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតខែក្រោយដើម្បីជំនួសប្រធានាធិបតី ម៉ូហាម៉ាឌូ ប៊ូហារី(Muhammadu Buhari) ។

ស្នងការទំនាក់ទំនងរដ្ឋអេដូ (Edo) លោក គ្រីស ណេហ៊ីខារ៉េ(Chris Nehikhare) បាននិយាយនៅក្នុង      សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ចំណាប់ខ្មាំងពីរនាក់ចុងក្រោយត្រូវបានជួយសង្គ្រោះ ហើយមនុស្ស ៧ នាក់ត្រូវបានឃុំខ្លួន។ ពីរ​នាក់​ក្នុង​ចំណោម​នោះ​ជា​មេភូមិប្រចាំ​តំបន់។

ដំបូងឡើយ ចំណាប់ខ្មាំង ៣២នាក់ត្រូវបានរាយការណ៍ថាត្រូវបានគេចាប់ខ្លួន ប៉ុន្តែក្រោយមក​តួលេខនោះ ត្រូវបានកែសម្រួលទៅជាជនរងគ្រោះចំនួន ២០នាក់វិញ។ មនុស្សជាច្រើនត្រូវបានជួយសង្គ្រោះនៅដើមខែនេះ។ ការចាប់ជំរិតទារប្រាក់ គឺជាបញ្ហាចម្បងនៅក្នុងប្រទេសនីហ្សេរីយ៉ា។

នៅក្នុងការវាយប្រហារដ៏ធំបំផុតមួយរបស់ប្រទេសនេះ កាលពីខែមីនា ឆ្នាំមុន ខ្មាន់កាំភ្លើងជាមួយនឹងគ្រឿងផ្ទុះបានបំផ្ទុះផ្លូវរថភ្លើង ហើយបានឆ្មក់ចូលរថភ្លើងដែលកំពុងធ្វើដំណើរពីរដ្ឋធានីអាប៊ូចា(Abuja) ទៅកាន់ទីក្រុងកាឌូណា(Kaduna) ភាគពាយ័ព្យ។

មនុស្ស ៨នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតត្រូវបានចាប់ពង្រត់ និងឃុំខ្លួនអស់រយៈពេលជាច្រើនខែ។ សេវាកម្មរថភ្លើងបានដំណើរការឡើងវិញក្នុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីចំណាប់ខ្មាំងចុងក្រោយត្រូវបានដោះលែង។

លោក ប៊ូហារី(Buhari) ដែលជាអតីតមេបញ្ជាការកងទ័ព និងជាមេដឹកនាំយោធាធ្លាប់បានសន្យាថានឹងធ្វើឱ្យប្រទេសនីហ្សេរីយ៉ាមានសុវត្ថិភាពជាងមុន។ គាត់ចុះចេញពីតំណែងបន្ទាប់ពីធ្វើការបានពីរអាណត្តិ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ

ប្រភពព័ត៌មានពី Agence France-Press  ចេញផ្សាយថ្ងៃទី១៩  ខែមករា  ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here