កម្លាំងទ័ពសូម៉ាលី សម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប៦នាក់

0

ប្រទេសសូម៉ាលី៖ អាជ្ញាធរបាននិយាយថា កាលពីថ្ងៃអាទិត្យកម្លាំងទ័ពសូម៉ាលីបានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ៦នាក់ និងបាន​បញ្ចប់​ការ​ឡោម​ព័ទ្ធ​ដែលមានរយៈពេល​ជាច្រើន​ម៉ោង​ដោយ​បណ្តាញដែលមានទំនាក់ទំនងជាមួយ​ក្រុមសកម្មប្រយុទ្ធ​អាល់កៃដានៅ​ក្នុង​ទីក្រុង​ម៉ូហ្កាឌីស្យុ​ ប្រទេសសូម៉ាលី។

សេចក្ដី​ថ្លែងការណ៍ចេញពី​ក្រសួង​ព័ត៌មាន​ប្រទេស​សូម៉ាលីមានខ្លឹមសារថា ជនស៊ីវិល៥នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត និងការបាញ់ប្រហារដែលកើតឡើងនៅទីស្នាក់ការរដ្ឋបាលកណ្តាលនៃតំបន់ បេនណាឌៀរ ក្នុងសង្កាត់ហាម៉ាវីន។

សេចក្តីថ្លែងការណ៍ដដែលក៏មានបន្ថែមខ្លឹមសារថា ក្រុមសកម្មប្រយុទ្ធបានក្លែងបន្លំជាកងទ័ពជាតិ ដើម្បីឱ្យពួកគេឆ្លងផុតពីរបាំងសន្តិសុខ ហើយធ្វើការវាយប្រហារតែម្តង។ ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងសង្កាត់ហាម៉ាវីន និងឈានទៅដល់ការបិទផ្សារទំនើប ធនាគារ និងកន្លែងអាជីវកម្មផ្សេងទៀតនៅក្បែរនោះ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា៖ ខ្ញុំ​បាន​ឮ​សំឡេង​ផ្ទុះ​បន្ទាប់​មក​មាន​ការ​បាញ់​កាំភ្លើង។ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច ហើយ​បាន​បិទ​ហាង​របស់​ខ្ញុំ ហើយ​កន្លែង​លក់ដូរ​ផ្សេងទៀតនៅក្នុងផ្សារក៏បានបិទដែរ

ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here