មនុស្ស ៣នាក់ស្លាប់ក្នុងហេតុការណ៍វាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី ទៅលើឆ្មាំយាមព្រំដែនរបស់រដ្ឋាភិបាលយេម៉ែន

0

ប្រទេសយេម៉ែន៖ មន្ត្រី​យោធា​រដ្ឋាភិបាលម្នាក់បាននិយាយថា ឆ្មាំយាមព្រំដែន២នាក់ និងមន្ត្រីម្នាក់មកពីកងកម្លាំងរដ្ឋាភិបាលយេម៉ែន​ ត្រូវ​បាន​សម្លាប់​​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ឧទ្ទាមហ៊ូធីនៅខេត្ត អាល់ ចាហ្វ ភាគឦសានរបស់ប្រទេសនេះកាលពីព្រឹកថ្ងៃអង្គារ។

មន្ត្រី​យោធា​ក្នុង​តំបន់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា៖ ក្រុមឧទ្ទាមហ៊ូធី​បាន​ធ្វើ​ការ​វាយ​ប្រហារ​មួយ និង​បាន​កំណត់​គោល​ដៅ​ទៅលើ​ទីតាំង​​កង​កម្លាំង​ការពារ​ព្រំដែន​របស់​រដ្ឋាភិបាលនៅតំបន់ព្រំដែន អាបថារ នៃខេត្ត អាល់ ចាហ្វ ដោយបង្កឱ្យមានការប៉ះទង្គិចគ្នាខ្លាំង”។

ប្រភព​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នោះថែមទាំងបានបណ្តាលឱ្យមនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀតរងរបួស។

លោកបន្ថែមថា“ក្រុមអ្នកវាយប្រហារហ៊ូធី បានប្រើអាវុធធុនធ្ងន់ និងបានប៉ុនប៉ង ដណ្តើមយកតំបន់យុទ្ធសាស្ត្រព្រំដែន ប៉ុន្តែឆ្មាំព្រំដែនបានរារាំងផែនការរបស់ក្រុមឧទ្ទាមទាំងនោះ បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនម៉ោង”។

ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​ ​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ជិត​ព្រំដែនរវាងប្រទេស​អារ៉ាប៊ីសាអូឌីត ដែលដោយគាំទ្រកងកម្លាំងរដ្ឋាភិបាលយេម៉ែនក្នុងការប្រយុទ្ធជាមួយក្រុមឧទ្ទាមហ៊ូធី។

ប្រភពបាន​បន្ត​ថា ស្ថានការណ៍​នៅ​តែមានភាព​តានតឹង​នៅ​ក្នុងតំបន់បន្ទាប់ពីមានវត្តមានរបស់ក្រុមឧទ្ទាមហ៊ូធី ដែលជាសកម្មភាពជាក់ស្តែងមានគោលបំណងចាប់ផ្តើមការវាយប្រហាររបស់ពួកគេឡើងវិញក្នុងរយៈពេលប៉ុន្មានម៉ោង។

កាលពីដើមខែនេះ មន្ត្រីក្នុងតំបន់បាននិយាយថា ភាគីសង្រ្គាមរបស់ប្រទេសយេម៉ែនកំពុងត្រៀមខ្លួនចំពោះរលកជម្លោះថ្មីនៅឆ្នាំ២០២៣ ដោយសារមិនមានវិធានការមឺងម៉ាត់ណាមួយដើម្បីឆ្ពោះទៅរកសន្តិភាពប្រកបដោយនិរន្តរភាព។

នៅតាមតំបន់​ផ្សេងៗទៀត​ក្នុង​ប្រទេស​យេម៉ែនត្រូវបានគេមើល​ឃើញពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយប្រដាប់​អាវុធ​ជា​បន្តបន្ទាប់រវាង​ក្រុម​ជម្លោះ​ក្នុងស្រុក​ បន្ទាប់ពីបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិបានផុតកំណត់កាលពីខែតុលាឆ្នាំមុន។

ប្រទេសយេម៉ែនជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ដណ្តើមខេត្តមួយចំនួននៅភាគខាងជើងមកគ្រប់គ្រង និងបង្ខំ រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញពីរាជធានីសាណា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here