កម្លាំងសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ៣០០នាក់ក្នុងប្រតិបត្តិការ រយៈពេលមួយសប្តាហ៍

0

ប្រទេសសូម៉ាលី៖មន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ​ កម្លាំងសន្តិសុខរបស់ប្រទេសសូម៉ាលីបានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ច្រើនជាង ៣០០នាក់ រាប់បញ្ជូលទាំងមេបញ្ជាការ ២នាក់ ក្នុងអំឡុងពេលប្រតិបត្តិការយោធារយៈពេលមួយសប្តាហ៍នៅទូទាំងប្រទេស។

លោក ដូដ អាវីស ចាម៉ា រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ និងលោក មូហាមេដ អេល អាម៉ាញ សូហ្វ ដែលជាដំណាងពិសេសនៃប្រធានគណៈកម្មការសហភាពអាហ្វ្រិក បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងម៉ូហ្កាឌីស្យុនៃប្រទេសសូម៉ាលីថា ប្រតិបត្តិការ​កម្ចាត់ក្រុម​សកម្មប្រយុទ្ធ​នឹង​ត្រូវ​បន្ត​រហូត​ដល់​ពួកគេ​ត្រូវ​បំផ្លាញទាំងស្រុង។

លោក អាវីស បាននិយាយថា ក្រុមសកម្មប្រយុទ្ធ​ អាល់ ស្ហាបាប ៣២៣នាក់ ត្រូវបានសម្លាប់ និងមួយចំនួនផ្សេងទៀតបានរងរបួសក្នុងប្រតិបត្តិការរួមគ្នាដែលមានជាប់ពាក់ព័ន្ធជាមួយនឹងកងកម្លាំងរដ្ឋាភិបាល និងកម្លាំងដៃគូអន្តរជាតិ។

លោក អាវីស បានបន្ថែមថា កងកម្លាំងរដ្ឋាភិបាល និងកងជីវពលគាំទ្ររដ្ឋាភិបាល បានដណ្តើមយកទីតាំងយុទ្ធសាស្ត្រកាលពីពេលថ្មីៗនេះ រាប់បញ្ចូលទាំងទីក្រុងកំពង់ផែហារ៉ាដហៀរ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ផ្គត់ផ្គង់ដល់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាបអស់រយៈពេលច្រើនជាងមួយទសវត្សរ៍។

លោក អេល អាម៉ាញ បានសរសើរដល់ប្រតិបត្តិការយោធាដែលកំពុងបន្តប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ដែលត្រូវបានបណ្តេញចេញពីទីក្រុងម៉ូហ្កាឌីស្យុ និងតំបន់ផ្សេងទៀត ប៉ុន្តែនៅតែបន្តការវាយប្រហារទៅលើមូលដ្ឋានយោធា និងគោលដៅជនស៊ីវិល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចេញផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here