យ៉ាងហោចណាស់មនុស្ស២០នាក់រងរបួស ដោយការបំផ្ទុះគ្រាប់បែកក្នុង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

0

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៖ អ្នកនាំពាក្យកងទ័ពបានប្រាប់ភ្នាក់ងារសារព័ត៌មានថា យ៉ាងហោចណាស់មនុស្ស២០នាក់រងរបួសកាលពីល្ងាចថ្ងៃពុធ អំឡុងពេលមាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅ​ផ្សារ​តូចមួយកន្លែង នៅក្នុងខេត្ត គីវូ ខាងជើងនៃទីក្រុងបេនី នៅភាគឦសាននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

លោកប្រធាន អេនថូនី មវ៉ាលូស្ហាយី អ្នក​នាំ​ពាក្យរបស់​កង​ទ័ព​កុងហ្គោនៅ​ក្នុង​តំបន់បេនី បាននិយាយថា ឧបករណ៍​បំផ្ទុះ​កែច្នៃ​មួយ​ត្រូវ​បានគេ​បង្កប់​ថង់​ដែល​មាន​ដំឡូងមី​ដាក់នៅ​ក្បែរ​ម៉ាស៊ីន​កិន​ម្សៅ​នៅក្នុង​ផ្សារមួយកន្លែង។ បើតាមសម្តីអ្នកនាំពាក្យដែលភ្នាក់ងារព័ត៌មានបានធ្វើការទំនាក់ទំនងទៅបានឱ្យដឹងថា អ្នក​របួស​ភាគច្រើន​ជា​ស្ត្រី​លក់ដូរ​នៅ​ផ្សារនៅពេលដែល​ឧបករណ៍នោះបានផ្ទុះ​។ យ៉ាង​ហោច​ណាស់​មានមនុស្ស ​៧​នាក់​​រង​របួសធ្ងន់។

លោក មវ៉ាលូស្ហាយី បាននិយាយដោយបន្ទោសពីសោកនាដកម្មនេះថាជាទង្វើរបស់ក្រុមឧទ្ទាមនៃកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត ដែលហៅកាត់ថា (ADF) ដែលមានខ្លឹមសារថា៖ សម្រាប់​ពេល​នេះ យើង​មិន​មាន​ព័ត៌មាន​លម្អិត​គ្រប់​គ្រាន់​ទេ ប៉ុន្តែកងកម្លាំងសន្តិសុខ និងសេវាកម្មជំនាញបានបិទ​ទីតាំងកើតហេតុ​ដើម្បី​ស៊ើបអង្កេត

លោកបានបញ្ជាក់ថា៖ ទោះជាយ៉ាង​ណា​ក៏​ដោយ យើង​ដឹង​ថា​ នោះគឺ​ជា​ស្នាដៃ​របស់ក្រុមភេរវករ ADF”

កាលពីដើមខែនេះ មានមនុស្សយ៉ាងហោចណាស់ ១៤នាក់ត្រូវបានសម្លាប់ និងប្រមាណជា ៦០នាក់ផ្សេងទៀតរងរបួស នៅពេលដែលគ្រាប់បែកមួយបានផ្ទុះនៅក្នុងព្រះវិហារនៅស្រុកកាស៊ីនឌី នៃខេត្តគីវូខាងជើង។ លោក គីនស្ហាស្ហា  ក៏បានបន្ទោសហេតុការណ៍វាយប្រហារនោះទៅលើក្រុមឧទ្ទាម ADF ផងដែរ។

គួរបញ្ជាក់ផងដែរថា ផ្នែកខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានបញ្ហាជាច្រើនទស្សវត្សមកហើយដោយក្រុមឧទ្ទាមជាច្រើនក្រុម ជាពិសេសក្រុមឧទ្ទាមនៃកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត ADF និងក្រុមឧទ្ទាមនៃចលនា ២៣ខែមីនា (M២៣) ដែលជាសុបិន្តអាក្រក់ចំពោះប្រទេសក្នុងតំបន់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here