ក្រុមសកម្មប្រយុទ្ធ អាល់ស្ហាបាប ១៣៦នាក់ស្លាប់នៅភាគខាងត្បូងប្រទេសសូម៉ាលី

0

ប្រទេសសូម៉ាលី៖ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃអាទិត្យថា  កម្លាំងសន្តិសុខសូម៉ាលីបានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ១៣៦នាក់ រាប់បញ្ជូលទាំងមេបញ្ជាការជាន់ខ្ពស់៣នាក់ នៅក្នុងប្រតិបត្តិការពិសេសដែលធ្វើឡើងនៅភាគខាងត្បូងនៃប្រទេសសូម៉ាលី កាលពីយប់ថ្ងៃសៅរ៍។

លោក អាប់ឌៀរ៉ាម៉េន យូសូហ្វ អាល់ អាដាឡា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយថា កម្លាំងរដ្ឋាភិបាលគាំទ្រដោយកម្លាំងដៃគូអន្តរជាតិ បានធ្វើប្រតិបត្តិការរួមគ្នាក្នុងតំបន់ព្រៃឈើនៅជិតទីក្រុង ចាណាល  ជាកន្លែងដែលក្រុមភេរវករបានប្រមូលផ្តុំគ្នា។

លោក អាល់ អាដាឡា បានប្រាប់អ្នកកាសែតនៅក្នុងទីក្រុង ម៉ូហ្កាឌីស្យុ នៃប្រទេសសូម៉ាលីថា

អ្នកប្រយុទ្ធ អាល់ ស្ហាបាប ច្រើនជាង ១០០នាក់ រងរបួសនៅក្នុងប្រតិបត្តិការដែលមានការសម្របសម្រួលបានយ៉ាងល្អ។ កម្លាំងរដ្ឋាភិបាលបាន​ប្ដេជ្ញា​កម្ចាត់ក្រុមភេរវករនៅ​ទូទាំង​ប្រទេស

លោកបាននិយាយថា មេបញ្ជាការ ៣នាក់ដែលត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ បានទទួលបន្ទុកលើការវាយឆ្មក់ និងសកម្មភាពភេរវកម្មរបស់ក្រុមផ្សេងៗទៀត នៅក្នុងតំបន់ឡូវើរស្ហាបែល។

លោក អាល់ អាដាឡា បានបន្ថែមឱ្យដឹងថា កម្លាំងរួមគ្នាបានបំផ្លាញរថក្រោះរបស់ក្រុមសកម្មប្រយុទ្ធ អាល់ស្ហាបាបដែលកំពុងដឹកអាវុធជាច្រើន។

គួររំលឹកផងដែរថា​ ក្រុមសកម្មប្រយុទ្ធនៅតែបន្តគ្រប់គ្រងលើតំបន់មួយចំនួននៅភាគខាងត្បូង និងតំបន់កណ្តាលនៃប្រទេសសូម៉ាលី ហើយបន្តធ្វើការវាយប្រហារធំៗជាច្រើនៅទីក្រុងម៉ូហ្កាឌីស្យុ និងនៅតាមតំបន់ផ្សេងទៀត បើទោះបីជាមានការវាយលុកកាន់តែខ្លាំងឡើងពីកងកម្លាំងរដ្ឋាភិបាលក៏ដោយ។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here