ប្រទេសតួកគីនឹងរារាំងទេសស៊ុយអែតក្នុងការចូលរួមជាមួយអង្គការណាតូ

0

លោកប្រធានាធិបតីតួតគី រេសេប តាយីប អ៊ែរដូហ្កាន ផ្តល់យោបល់ថាទីក្រុងអង់ការ៉ា អាចយល់ព្រមឱ្យប្រទេសហ្វាំងឡង់ចូលរួមជាមួយអង្កការណាតូ ប៉ុន្តែមិនមែនជាស៊ុយអែតទេ។

លោកបន្ដរិះគន់អំពីការបដិសេធរបស់ប្រទេសស៊ុយអែតក្នុងការធ្វើបត្យាប័នមនុស្សរាប់សិបនាក់ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធឃឺដ និងការរិះគន់ដទៃទៀតក្នុងជួររដ្ឋាភិបាលរបស់គាត់។ លោក អ៊ែរដូហ្កាន បាននិយាយបន្ដទៀតថា “ប្រសិនបើអ្នកពិតជាចង់ចូលអង្កការណាតូ អ្នកត្រូវប្រគល់ភេរវករទាំងនោះមកយើងវិញ”។

ការអត្ថាធិប្បាយរបស់លោក អ៊ែរដូហ្កាន ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសតួកគីផ្អាកការចរចាក្នុងការទទួលយកប្រជាជាតិអឺរ៉ុបខាងជើងទាំងពីរជាសមាជិក។ ការផ្លាស់ប្តូរនេះត្រូវបានជំរុញដោយការតវ៉ាដ៏ចម្រូងចម្រាសជាបន្តបន្ទាប់នៅក្នុងទីក្រុងស្តុកហូមរួមទាំងការតវ៉ាមួយក្នុងអំឡុងពេលដែលច្បាប់ចម្លងនៃគម្ពីរកូរ៉ានត្រូវបានដុតចោលនោះ។

មន្ត្រីប្រទេសស៊ុយអែតបានថ្កោលទោសចំពោះការតវ៉ានេះ តែការពារច្បាប់នៃការបញ្ចេញមតិដោយសេរីរបស់ប្រទេស។

ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យចូលអង្កការណាតូកាលពីឆ្នាំមុន ដែលជាការបញ្ចប់ការមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍។ ពាក្យស្នើសុំរបស់ពួកគេត្រូវតែទទួលបានការអនុម័តជាឯកច្ឆ័ន្ទដោយសមាជិកអង្កការណាតូទាំងអស់ ប៉ុន្តែតួកគី និងហុងគ្រីមិនទទួលបានការផ្តល់សច្ចាប័នចំពោះការស្នើសុំរបស់ពួកគេទេ។

លោក អ៊ែរដូហ្កាន បាននិយាយថា “យើងបានផ្តល់ឱ្យស៊ុយអែតនូវបញ្ជីដែលមានចំនួនមនុស្ស ១២០នាក់ ហើយបានប្រាប់ពួកគេឱ្យដោះលែងភេរវករទាំងនោះនៅក្នុងប្រទេសរបស់ពួកគេ។ “ប្រសិនបើអ្នកមិនធ្វើបត្យាប័នពួកគេទេ សុំទោសចំពោះរឿងនេះផង”។ ប្រទេសស៊ុយអែតមានជនភៀសខ្លួនឃឺដច្រើនជាងហ្វាំងឡង់ ហើយកិច្ចពិភាក្សារបស់ខ្លួនជាមួយទីក្រុងអង់ការ៉ាអំពីសមាជិកភាពអង្កការណាតូកាន់តែឡើងកំដៅ។ ប្រទេសតួកគីអំពាវនាវឱ្យស៊ុយអែត ឃ្លាតឱ្យឆ្ងាយពីគណបក្សពលករឃឺដ ដែលត្រូវបានគេចាត់ទុកថាជាក្រុមភេរវករដោយប្រទេស​តួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ជាឆ្លើយតបទៅនឹងបញ្ហានេះ ប្រទេសស៊ុយអែតបានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបង្កភាពងាយស្រួលក្នុងការបង្កើតច្បាប់ប្រឆាំងភេរវកម្មដ៏តឹងរ៉ឹងដែលទាមទារដោយតួកគី។ ទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់ក៏បានដកបម្រាមការលក់ឧបករណ៍យោធាទៅឱ្យប្រទេសតួកគី ដែលបានធ្វើឡើងបន្ទាប់ពីមានការអន្តរាគមន៍យោធារបស់ទីក្រុងអង់ការ៉ានៅ ប្រទេសស៊ីរីក្នុងឆ្នាំ២០១៩។

កែសម្រួល៖ លោក ប៊ុត សារ៉ន

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here