មនុស្សមិនតិចជាង១៥៧នាក់រងរបួស និង៤៤នាក់ស្លាប់ ដោយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅស្រុកផេសហាវើរ

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីម្នាក់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតដែលបានកំទេចវិហារអ៊ីស្លាមមួយកន្លែងកាលពីល្ងាចថ្ងៃចន្ទនៅខេត្តផេសហាវើរភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ៤៤នាក់។

លោក ម៉ូហាម៉េដ អាស៊ីម អ្នកនាំពាក្យមន្ទីពេទ្យ ឡេឌី រ៉ីឌីង បាននិយាយថាចំនួនអ្នកស្លាប់បានកើនឡើងដោយសារអ្នក​របួស​ខ្លះ​មានសភាពធ្ងន់ធ្ងរ ហើយ​សាកសព​ជាច្រើនទៀត​ត្រូវ​បាន​គេ​រក​ឃើញចេញពីបំណែកនៃវិហារអ៊ីស្លាមដែលដួលរលំបន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកនោះ។

អ្នកនាំពាក្យបានបន្ថែមឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សរងរបួស ១៥៧នាក់គឺកំពុង ព្យាបាល ដែលក្នុងនោះមានមនុស្សប្រមាណជា​ ១២ទៅ១៥នាក់ទៀត កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសម្រាកព្យាបាលនៅមន្ទីពេទ្យ ដែលនេះជាការព្រួយបារម្ភថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។

ចំនួនអ្នក​ស្លាប់ដែលកើនឡើង​រួម​មានទាំង​មន្ត្រី​ប៉ូលិស​បី​នាក់ និង​មន្ត្រី​ប៉ូលិស​ផ្សេង​ទៀត ជន​ស៊ីវិល អ្នកដឹកនាំបួង​សួង និង​ស្ត្រី​ម្នាក់ដែលរស់នៅក្នុងតំបន់ក្បែរវិហារអ៊ីស្លាម។ យ៉ាង​ហោច​ណាស់​មានជន​រង​គ្រោះ​ ៣​នាក់​នៅមិន​ទាន់​បានស្គាល់​អត្តសញ្ញាណ​នៅឡើយ។

លោក ម៉ូហាម៉េដ អ៊ីចាស់ ខាន មន្ត្រីប៉ូលិសក្រុងនៃស្រុកផេសវើរនៅក្នុងខេត្តខាយប័រផាកថុនវ៉ា  បានប្រាប់ភ្នាក់ងារសារព័ត៌មានថា មនុស្សប្រមាណជា ៣០០នាក់កំពុងបន់ស្រន់នៅក្នុងវិហារអ៊ីស្លាមនៃតំបន់ ប៉ូលិសឡាញ ខណៈនោះគ្រាប់បែកបានផ្ទុះឡើង ដោយបានសម្លាប់ និងបង្ករបួសដល់មនុស្សជាច្រើននាក់រាប់បញ្ជូលទាំងមន្ត្រីប៉ូលិសផងដែរ។

លោក​បាន​និយាយ​ថា កាផ្ទុះដ៏​ខ្លាំង​នោះបាន​បំផ្លាញ​ផ្នែក​មួយ​នៃ​អគារ​វិហារ​អ៊ីស្លាម ដែល​មាន​រូងខាង​ក្នុង ហើយ​ជាប់​អ្នក​គោរព​បូជា​ជា​ច្រើននាក់នៅក្នុងនោះ។

តំបន់ប៉ូលិសឡាញមានទីតាំងស្ថិតនៅក្នុងតំបន់សំខាន់បំផុតនៃស្រុកផេសហាវើរ​ ជាកន្លែងដែលភ្នាក់ងារអនុវត្តច្បាប់មួយចំនួនធំ រាប់បញ្ជូលទាំងកម្លាំងយោធាហ្វ្រុនធីអ័រក្រប និងនាយកដ្ឋានប្រឆាំងភេរវកម្មរបស់ប៉ូលិសក៏មានទីតាំងស្ថិតនៅទីនោះផងដែរ។

ប្រភពព័ត៌មានផ្លូវការពីប៉ូលិសស្រុកផេសហាវើរបានប្រាប់ភ្នាក់ងារព័ត៌មានថា គោលដៅរបស់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតគឺបុគ្គលិកប៉ូលិស ហើយអ្នកបំផ្ទុះគ្រាប់បែកនោះបានលួចចូលទៅក្នុងទីតាំងសំខាន់ៗ មុនពេលបំផ្ទុះខ្លួនឯងនៅក្នុងវិហារអ៊ីស្លាមនោះ។

ក្រោយពេលមានហេតុការណ៍ផ្ទុះកើតឡើង មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រកាស​អាសន្ន​នៅ​ក្នុងស្រុកផេសហាវើរ និងបានស្នើឱ្យបុគ្គលិកពេទ្យទាំងអស់បន្តបំពេញកាតព្វកិច្ច។ កម្លាំង​សន្តិសុខ​មក​ចូលរួម​រំលែក​ទុក្ខនៅក្នុង​តំបន់ និងបាន​បើក​ការ​ស៊ើបអង្កេតទៅ​លើ​ឧបទ្ទវហេតុ​នោះ។ លោក រ៉ាហ៊ីម ខាន មានអាយុ ៣៥ឆ្នាំ ដែលជាប្រជាជនក្នុងតំបន់បាននិយាយថា លោកនៅក្នុងវិហារនោះ  ក្រោយមក​គាត់​​ឮសំឡេងក្តាំង បន្ទាប់មកឮសម្រែកយំ​របស់​អ្នក​របួស។

លោក ខាន ប្រាប់អ្នកយកព័ត៌មានថា នៅពេលនោះខ្ញុំស្ទើតែមិនជឿលើភ្នែករបស់ខ្ញុំ។ ខ្ញុំ​បាន​ឃើញ​មនុស្ស​ប្រឡាក់​ឈាម​នៅ​គ្រប់​ទីកន្លែង​ស្រែកសុំ​ជំនួយ។ នេះ​ជា​ឧប្បត្តិហេតុ​ដ៏​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយខ្ញុំនៅតែមានភាពភ័យតក់ស្លុតនៅឡើយ”។

លោក ស្ហាបាស់ ស្ហារីហ្វ នាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន បានថ្កោលទោសចំពោះហេតុការណ៍ផ្ទុះនោះ ដោយលោកបាននិយាយថា ប្រជាជាតិ​ទាំង​មូលបាននិងកំពុងតែ​រួបរួម​គ្នា​ប្រឆាំង​នឹង​ការ​គំរាមកំហែង​នៃ​អំពើ​ភេរវកម្ម។

លោកបានបន្តទៀតថាក្រុមភេរវករ​ចង់​បង្កើត​ភាពភ័យ​ខ្លាច​ដោយ​កំណត់​គោលដៅទៅលើ​អ្នក​ដែលបំពេញ​កាតព្វកិច្ច​ការពារ​ប្រទេសប៉ាគីស្ថាន ហើយយុទ្ធសាស្ត្រដ៏ទូលំទូលាយនឹងត្រូវបានអនុម័តដើម្បីប្រឆាំងនឹងស្ថានភាពសណ្តាប់ធ្នាប់ដែលកាន់តែយ៉ាប់យ៉ឺននៅក្នុងខេត្តខាយប័រផាកថុនវ៉ា ហើយរដ្ឋាភិបាលសហព័ន្ធនឹងជួយខេត្តនេះក្នុងការបង្កើនសមត្ថភាពប្រឆាំងភេរវកម្ម។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មានXinhua ចុះផ្សាយថ្ងៃទី៣១​ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here