ប្រទេសលីបង់៖ កាសែតព័ត៌មានប្រចាំថ្ងៃ អេអាយ អាកបារ បានចុះផ្សាយកាលពីថ្ងៃចន្ទមានខ្លឹមសារថា កម្លាំងសន្តិសុខលីបង់បានចាប់ខ្លួនមនុស្ស ៥នាក់កាលពីខែមុនពីបទបង្កើតក្រុមភេរវករដែលគាំទ្រដល់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលហៅកាត់ថា (IS)។
.នៅក្នុងអត្ថបទកាសែតដដែលមានបន្ថែមខ្លឹមសារថា ការសង្កេតបឋមបង្ហាញថា អ្នកជាប់ឃុំឃាំងម្នាក់បានសារភាពថាកំពុងរៀបចំវាយប្រហារភេរវកម្មទៅលើព្រះវិហារមួយកន្លែងនៅភាគខាងជើងនៃទីក្រុងទ្រីប៉ូលី នៅថ្ងៃបុណ្យណូអែលកាលពីឆ្នាំមុន។
របាយការណ៍ស៊ើបអង្កេតបង្ហាញថា បុរសដែលជាប់ឃុំឃាំងមានផែនការជាច្រើន រាប់បញ្ជូលទាំងការវាយប្រហារទៅលើមន្ទីពេទ្យនៅក្នុងទីក្រុងប៉េរ៉ូតដោយប្រើប្រាស់យន្តហោះគ្មានអ្នកបើកសម្រាប់បំផ្ទុះ។ អ្នកជាប់ឃុំទាំងអស់ដែលជាពលរដ្ឋលីបង់ គឺភាគច្រើនមកពីគ្រួសារដែលមានប្រវត្តិធ្វើការងារជាមួយក្រុមភេរវករ ដោយអ្នកខ្លះធ្លាប់ប្រយុទ្ធនៅក្នុងប្រទេសស៊ីរី ហើយបានជាប់គុកជាច្រើនឆ្នាំនៅក្នុងប្រទេសលីបង់ពីបទធ្វើការជាមួយក្រុមភេរវករ។
គួររំលឹកផងដែរថា ប្រទេសលីបង់បានរឹតបន្តឹងសន្តិសុខក្នុងអំឡុងពេលពិធីបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំសាកល ដោយដាក់ពង្រាយមន្ត្រី ៥២១នាក់ ទាហាន ៧៦៩០នាក់ និងកម្លាំងសន្តិសុខ ៤៤០នាក់ឱ្យយាមល្បាតព្រះវិហារចំនួន ៣៩១កន្លែងនៅទូទាំងប្រទេស។ កាលពីប៉ុន្មានឆ្នាំមុន ប្រទេសលីបង់ធ្លាប់បានបង្រ្កាបបណ្តាញ និងក្រុមភេរវករជាច្រើន ហើយថែមទាំងបានរារាំងផែនការរបស់ពួកគេជាច្រើនទៀតផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣