UN ថ្កោលទោសចំពោះហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារអ៊ីស្លាម

0

អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានថ្កោលទោស​​ចំពោះ​ការ​វាយ​ប្រហារ​អត្តឃាត​របស់ក្រុមភេរវកម្មក្នុង​វិហារ​អ៊ីស្លាមនៅស្រុកផេស្ហាវើរ ប្រទេសប៉ាគីស្ថាន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស ៨៨នាក់ស្លាប់ និង ១៥០នាក់ផ្សេងទៀតរងរបួស។

នៅក្នុង​សេចក្តី​ថ្លែងការសារព័ត៌មាន មានបញ្ជាក់ខ្លឹមសារថា  សមាជិកក្រុមប្រឹក្សាសន្តិសុខបានសម្តែងការអាណិតអាសូរ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលប៉ាគីស្ថាន និងសូមជូនពរដល់អ្នករបួសទាំងអស់ឱ្យឆាប់ជាសះស្បើយ។

សមាជិកក្រុមប្រឹក្សាបានគូសបញ្ជាក់ពីតម្រូវការចាំបាច់ដើម្បីចាប់ខ្លួនជនល្មើស ដែលជាអ្នករៀបចំ អ្នកផ្តល់ហិរញ្ញប្បទាន និងអ្នកឧបត្ថម្ភ ដល់​អំពើ​ភេរវកម្ម​ដែល​គួរ​ឱ្យ​ស្អប់ខ្ពើម​ទាំងអស់ឱ្យទទួលខុសត្រូវ និងបញ្ជូន​ពួកគេ​ទៅ​កាត់ទោស។ សមាជិកក្រុមប្រឹក្សាបានជំរុញឱ្យរដ្ឋទាំងអស់ចូលរួមសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាលប៉ាគីស្ថានក៏ដូចជាអាជ្ញាធរផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះ។

សមាជិកក្រុមប្រឹក្សាបានបញ្ជាក់សាជាថ្មីម្តងទៀតថា អំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់ និងវត្តមាននៃអំពើរភេរវកម្ម គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។ ពួកគេថែមទាំងបានសង្កត់ធ្ងន់ទៅលើតម្រូវការរបស់រដ្ឋទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងចំពោះការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិដែលកើតឡើងដោយសារតែអំពើភេរវកម្មទាំងនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពពត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here