ប្រទេសអូទ្រីស៖តុលាការរបស់ប្រទេសអូទ្រីសកាលពីថ្ងៃពុធបានកាត់ទោសបុរស៤នាក់ពីបទជួយក្រុមភេរវករបាញ់សម្លាប់មនុស្សនៅទីក្រុងវីយែនកាលពីឆ្នាំ២០២០។
យោងតាមការបញ្ជាក់ពីភ្នាក់ងារសារព័ត៌មានអូទ្រីស អេភីអេបានបញ្ជាក់ខ្លឹមសារថា តុលាការរដ្ឋវីយែនបានផ្ដន្ទាទោសបុរស ០២នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងកាត់ទោសបុរស ០២នាក់ផ្សេងទៀតឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និង១៩ឆ្នាំបន្ទាប់ពីបានកាត់ទោសពួកគេពីបទជួយលោក ហ្វេហ្សូឡាយ កូចធីម ដែលជាជនល្មើសនៃការវាយប្រហារភេរវកម្មកាលពីឆ្នាំ២០២០។
លោក កូចធីម អ្នកគាំទ្រដល់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្ស ៤នាក់ និងបង្ករបួសដល់មនុស្សច្រើនជាង ២០នាក់ ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅកណ្តាលទីក្រុងវីយែនកាលពីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលប៉ូលិសបាញ់សម្លាប់គាត់។
ចុងចោទ ២នាក់ទៀតរួចទោសពីបទចោទសំខាន់ៗពាក់ព័ន្ធនឹងការវាយប្រហារនោះ ប៉ុន្តែម្នាក់ៗត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទចូលជាសមាជិករបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS និងផ្សព្វផ្សាយការឃោសនាឱ្យក្រុមភេរវករ។
ការកាត់ក្តីមិនទាន់បញ្ចប់នៅឡើយទេ ហើយជនជាប់ចោទ ៣នាក់ក្នុងចំណោមជនជាប់ចោទទាំង ៦នាក់គ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣