ប្រទេសឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអង្គារ កម្លាំងប្រឆាំងភេរវកម្មរបស់អង្គភាពប៉ូលិសឥណ្ឌូនេស៊ី បានចាប់ខ្លួនជនសង្ស័យជាភេរវករម្នាក់ដែលគេស្គាល់ថាមានឈ្មោះ អេអេហ្វ (AF) អាយុ ៣៣ឆ្នាំនៅក្នុងខេត្តឡាំផុង។
លោក អាម៉ាដ រ៉ាម៉ាដាន អ្នកនាំពាក្យប៉ូលិសឥណ្ឌូណេស៊ីបានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងហ្សាកាតាថា “យើងបានចាប់ខ្លួនគាត់កាលពីថ្ងៃអង្គារនៅផ្ទះរបស់គាត់ និងបានរឹបអូសវត្ថុមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មរបស់គាត់”។
លោក រ៉ាម៉ាដាន បាននិយាយថា ជនសង្ស័យមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធជ្រុលនិយម ចេម៉ាស់ អ៊ីស្លាម៉ីយ៉ាស់ ដែលហៅកាត់ថា (JI)។ ក្រុម JI គឺជាក្រុមដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រដាប់អាវុធ។ ក្រុម JI គឺជាក្រុមដែលស្ថិតនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកនៅទីក្រុងបាលីកាលពីឆ្នាំ២០០២ ដែលសម្លាប់មនុស្សមិនតិចជាង ២០០នាក់នៅលើកោះលំហែកម្សាន្ត។
កាលពីដើមឆ្នាំ២០២៣ ប៉ូលិសឥណ្ឌូនេស៊ីបានពង្រឹងវិធានការបង្ការ និងអនុវត្តវិធានការណ៍ច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដែលអាចកើតមាននៅក្នុងប្រទេស។ កាលពីថ្ងៃទី២២ ខែមករា កម្លាំងប្រឆាំងភេរវកម្មបានចាប់ខ្លួនជនសង្ស័យជាក្រុមភេរវករដែលត្រូវបានចោទប្រកាន់ថាជាអ្នកគាំទ្រដល់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងខេត្តយុកយ៉ាកាថា។
កាលពីថ្ងៃទី២០ ខែមករា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យជាក្រុមភេរវករ ៣នាក់នៅទីក្រុងហ្សាកាតាខាងជើង ទីក្រុងហ្សាកាតាខាងត្បូង និងទីក្រុងថាហ្គ័ររាំងខាងត្បូង។ ក្រុមភេរវករទាំងនោះមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឥណ្ឌូនេស៊ី ដែលជាក្រុមសកម្ម ប្រយុទ្ធមានគោលបំណងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីក្លាយជារដ្ឋអ៊ីស្លាម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣