ប្រទេសប៉ាគីស្ថាន៖ មន្ត្រីយោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា ក្រុមភេរវករ ១២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធរបស់កងទ័ពប៉ាគីស្ថាន នៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេស។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងប្រតិបត្តិការពេញមួយយប់ កម្លាំងសន្តិសុខបានកំណត់គោលដៅទៅលើរថយន្តរបស់ក្រុមភេរវករដែលមានទំនាក់ទំនងជាមួយនឹងក្រុមសកម្មប្រយុទ្ធ ថេរ៉ីក អ៊ី តាលីបង់ប៉ាគីស្ថាន ដោយការធ្វើប្រតិបត្តិការពឹងផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់។
ប្រភព ISPR បានលើកឡើងថា “សកម្មភាព និងចលនានានារបស់ក្រុមភេរវករស្ថិតក្រោមការឃ្លាំមើលរបស់ក្រុមស៊ើបការណ៍សម្ងាត់នៅសប្តាហ៍ចុងក្រោយនេះ។ ក្រុមភេរវករត្រូវបានបញ្ឆោតដោយផ្តល់យានជំនិះសម្រាប់ការរត់គេចខ្លួនដែលនោះគឺជាការស្ទាក់ចាប់ និងការបង្ក្រាប”។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា អាវុធ គ្រាប់រំសេវ និងរូបិយប័ណ្ណបរទេសក៏ត្រូវបានរឹបអូសពីក្រុមភេរវករក្នុងអំឡុងពេលប្រតិបត្តិការនោះផងដែរ។ ប្រភពពី ISPR បានបន្ថែមឱ្យដឹងថា កម្លាំងសន្តិសុខកំពុងធ្វើប្រតិបត្តិការបោសសម្អាតនៅតំបន់នោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣