ISIS កំពុងគំរាមវាយប្រហារ ស្ថានទូតចិន ឥណ្ឌា អ៊ីរ៉ង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

0

ក្រុមអ្នកសកម្មប្រយុទ្ធ ISIS បានគំរាមវាយប្រហារទៅលើស្ថានទូតចិន ឥណ្ឌា និងអ៊ីរ៉ង់ នៅក្នុងប្រទេស   អាហ្វហ្គានីស្ថាន ក្នុងការប៉ុនប៉ងផ្តាច់ក្រុមតាលីបង់ចេញពីប្រទេសមួយចំនួនដែលជាសម្ព័ន្ធមិត្តការទូត។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីសកម្មភាពរបស់ក្រុម ISIS បានឱ្យដឹងថាសម្ព័ន្ធមិត្ត ISIS ក្នុងតំបន់កំពុងប៉ុនប៉ង “ធ្វើឱ្យបាត់បង់ទំនាក់ទំនងរវាងក្រុមតាលីបង់ និងរដ្ឋជាសមាជិកក្នុងតំបន់” រំពឹងថារបាយការណ៍នេះនឹងត្រូវបានពិភាក្សានៅថ្ងៃព្រហស្បតិ៍ក្រោយ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។

ក្រុមសកម្មប្រយុទ្ធគឺជាការគំរាមកំហែងផ្នែកសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ក្រុមតាលីបង់ ដែលធ្វើការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងតំបន់ណាដែលមានប្រជាជនរស់នៅច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមនេះនៅពីក្រោយការវាយប្រហារដ៏សាហាវប្រឆាំងនឹងស្ថានទូតរុស្ស៊ី និងប៉ាគីស្ថាន ក៏ដូចជាសណ្ឋាគារមួយក្នុងទីក្រុងកាប៊ុល ដែលមានជនជាតិចិនមកលេងជាញឹកញាប់។ ស្ថានទូតឥណ្ឌានៅក្នុងទីក្រុងកាប៊ុលមិនទាន់ដំណើរការពេញលេញនៅឡើយ ដែលស្ថានទូតនេះបានបើកឡើងវិញកាលពីឆ្នាំមុន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌របស់ទីក្រុង New Delhi ដល់ប្រជាជនអាហ្វហ្គានីស្ថាន។

ការគម្រាមកំហែង គឺជាដំណើរថយក្រោយដ៏សំខាន់មួយមួយសម្រាប់ក្រុមតាលីបង់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើតចំណងអន្តរជាតិឡើងវិញ និងទទួលបានភាពស្របច្បាប់ដើម្បីជួយជំរុញសេដ្ឋកិច្ចដែលកំពុងរងផលប៉ះពាល់។ បន្ទាប់ពីពួកតាលីបង់ដណ្តើមយកប្រទេស ស្ថានទូតរបស់ពួកលោកខាងលិចស្ទើរតែទាំងអស់ រួមទាំងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសកាតា។

បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិថ្លែងថា ភាពខ្លាំងបច្ចុប្បន្នរបស់ក្រុមនេះ នៅក្នុងតំបន់ គឺមានសមាជិកសកម្មប្រយុទ្ធរហូតទៅដល់ ៦,០០០នាក់ និងបន្ទាយនៅក្នុងខេត្ត គូណា (Kunar), ណាន់ហ្គាហា (Nangahar) និង នូរីស្ថាន (Nuristan) ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន ដែលសុទ្ធតែមានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន។

របាយការណ៍បានបន្ថែមថា ពួកសកម្មប្រយុទ្ធមានមហិច្ឆតាក្នុងការធ្វើប្រតិបត្តិការខាងក្រៅដោយប្រើមធ្យោបាយប្រើប្រាស់ប្រព័ន្ធអាវុធផ្សេងៗ ដូចជាអាវុធធុនតូច និងអាវុធធុនស្រាល នៅក្នុងមជ្ឈិមបូព៌ា  ប្រទេសអាហ្វ្រិក និងអាហ្វហ្គានីស្ថាន។

ប្រភពព័ត៌មានពី ALARABIYA News  ចេញផ្សាយថ្ងៃទី ៩  ខែកុម្ភៈ  ឆ្នាំ២០២៣

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here