ប្រទេសូម៉ាលី៖ កម្លាំងសម្ព័ន្ធមិត្តបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយឆ្មក់តាមអាកាសដោយកម្លាំងទ័ពរួមមានកម្លាំងទាហានជាតិសូម៉ាលីបានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ១២នាក់ នៅតំបន់ភាគកណ្តាល។
កម្លាំងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយមានខ្លឹមសារថា ការវាយប្រហារតាមអាកាសរួមគ្នាដែលធ្វើឡើងកាលពីថ្ងៃសុក្រតាមសំណើរបស់រដ្ឋាភិបាលប្រទេសសូម៉ាលីបានកើតឡើងនៅក្នុងតំបន់ដាច់ស្រយាលដែលមានចម្ងាយប្រមាណជា ៤៥គីឡូម៉ែត្រភាគនិរតីនៃទីក្រុងហូប៊ីអូ នៃប្រទេសសូម៉ាលី។
លោកប្រធានាធិបតី ហាស់សាន ស្ហេក មូហាម៉ាត់ បានប្រកាសសង្រ្គាមប្រឆាំងជាមួយនឹងក្រុមសកម្មប្រយុទ្ធ អាល់ស្ហាបាប ដែលមានទំនាក់ទំនងជាមួយបណ្តាញក្រុមភេរវករអាល់កៃដា ចាប់តាំងពីគាត់បានស្បថចូលកាន់ដំណែងកាលពីខែឧសភា ឆ្នាំ២០២២។
កម្លាំងរដ្ឋាភិបាលសូម៉ាលីគាំទ្រដោយក្រុមកងជីវពលក្នុងស្រុកបានបង្កើនការវាយប្រហារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលបានអះអាងពីការវាយប្រហារភេរវកម្មជាបន្តបន្ទាប់នៅទូទាំងប្រទេស៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣