ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៣នាក់ នៅភាគខាងជើងនៃប្រទេស។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៣នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ វ៉ាឌីអាល់ ស្ហេ ដែលជាតំបន់ខ្ពង់រាបនៅភាគនិរតីនៃទីក្រុងកឺកុកខាងជើង។
ខ្លឹមសារបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍បង្ហាញថា ប្រតិបត្តិការណ៍នោះគឺធ្វើឡើងដោយផ្អែកលើរបាយការណ៍ចារកម្ម និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៣នាក់ស្ថិតនៅក្នុងការតាមដានអស់រយៈពេលប្រមាណជា៣ថ្ងៃមកហើយមុនការធ្វើប្រតិបត្តិការ។
ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសេវាកម្មស៊ើបការណ៍សម្ងាត់អ៊ីរ៉ាក់បាននិយាយថា “បុគ្គលិកស៊ើបការណ៍សម្ងាត់បានតាមដានឥស្សរជនឈានមុខរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS មួយចំនួននៅក្នុងប្រទេសជាច្រើន និងបានចាប់ខ្លួនពួកគេនៅក្នុងប្រទេសដែលមិនជាប្រទេសជិតខាងគ្នា និងបញ្ជូនពួកគេទៅកាន់ប្រទេសអ៊ីរ៉ាក់។”
ក្រុមភេរវករដែលចាប់ខ្លួនបាន ត្រូវបានគេជឿថាជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មទាំងនៅក្នុងនិងនៅក្រៅប្រទេសអ៊ីរ៉ាក់ នឹងត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរតុលាការអ៊ីរ៉ាក់ដើម្បីថ្កោលទោស ពួកគេ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីពេលវេលាជាក់លាក់ និងទីកន្លែងដែលចាប់ខ្លួនក្រុមភេរវករនោះទេ ហើយក៏មិនបានបញ្ជាក់ពីចំនួនដែលចាប់បានដែរ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដែលតែងតែវាយឆ្មក់ជាញឹកញាប់មកលើកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣