ប្រទេសសូម៉ាលី៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប មិនតិចជាង ២០០នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរយៈពេលមួយសប្តាហ៍ ដែលធ្វើឡើងដោយកម្លាំងទ័ពជាតិសូម៉ាលីនៅភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសសូម៉ាលី។
លោក ដូដ អាវ៉ីស ចាមា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងម៉ូហ្កាឌីស្យុ ដែលជារាជធានីនៃប្រទេសសូម៉ាលីថា ការវាយប្រហារចុងក្រោយបំផុតប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធអាល់កៃដាទទួលបានជោគជ័យ ដោយមានមនុស្សស្លាប់និងរបួសជាច្រើននាក់។
លោកបាននិយាយថា កម្លាំងទ័ពបានបង្កើនការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់មួយចំនួនដែលស្ថិតនៅក្រោមរដ្ឋហ្កាលមូដុក រដ្ឋហឺរស្ហាបែល រដ្ឋសៅវ៉េស និងរដ្ឋចាប៉ាឡេន។
លោក ចាមា បាននិយាយថា ក្រុមសកម្មប្រយុទ្ធជាច្រើននាក់បានលើកទង់សក្នុងអំឡុងពេលប្រតិបត្តិការ ក្នុងនោះមានមេបញ្ជាការក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាបម្នាក់ និងអ្នកជំនាញគ្រាប់បែកម្នាក់។
កម្លាំងទ័ពជាតិសូម៉ាលីបាននិយាយថា កាលពីថ្ងៃអង្គារកម្លាំងរបស់ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ស្ហាបាប ១០នាក់ និងបង្ករបួសដល់ក្រុមសកម្មប្រយុទ្ធជាច្រើននាក់ផ្សេងទៀត ក្នុងប្រតិបត្តិការមួយនៅតំបន់មូដុក នៅភាគកណ្តាលប្រទេសសូម៉ាលី។
ក្រុមសកម្មប្រយុទ្ធ អាល់ស្ហាបាប មិនទាន់អធិប្បាយពីការវាយប្រហារចុងក្រោយនេះនៅឡើយទេ ប៉ុន្តែធ្លាប់បានអះអាងកាលពីដើមសប្តាហ៍នេះថា ពួកគេបានវាយប្រហារទៅលើមូលដ្ឋានយោធា ២កន្លែងនៅក្នុងតំបន់ ឡូវើ ស្ហាបែល និងតំបន់ ចូបា នៅភាគខាងត្បូងប្រទេសសូម៉ាលី ដោយបានសម្លាប់ទាហានជាច្រើននាក់។
គួររំលឹកផងដែរថា ក្រុមភេរវករត្រូវបានកម្ចាត់ចេញពីទីក្រុងម៉ូហ្កាឌីស្យុកាលពីឆ្នាំ២០១១ ប៉ុន្តែនៅតែអាចវាយប្រហារដោយកំណត់គោលដៅទៅលើមូលដ្ឋានរបស់រដ្ឋាភិបាល សណ្ឋាគារ ភោជនីយដ្ឋាន និងទីកន្លែងសាធារណៈជាច្រើនទៀត។ លោកប្រធានាធិបតី
ហាស់សាន ស្ហៀក មូហាម៉ាត់ បានប្រកាសសង្រ្គាមទាំងស្រុងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ដោយប្តេជ្ញាបណ្តេញក្រុមសកម្មប្រយុទ្ធទាំងអស់ចេញពីបន្ទាយរបស់ពួកគេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣