យុទ្ធជនផ្តាច់ខ្លួននៅតំបន់ប៉ាពួប្រទេសឥណ្ឌូនេស៊ីបានបញ្ចេញខ្លីបវីដេអូអ្នកបើកយន្តហោះនូវែលហ្សេឡង់ម្នាក់ដែលពួកគេចាប់ធ្វើជាចំណាប់ខ្មាំងកាលពី៧ថ្ងៃមុន។
លោក Philip Mehrtens ត្រូវបានគេចាប់បន្ទាប់ពីគាត់ចុះចតយន្តហោះនៅក្នុងខេត្ត Nduga ដែលជាភ្នំដាច់ស្រយាលក្នុងខេត្ត Nduga ។ នៅក្នុងវីដេអូដែល BBC ប្រចាំនៅប្រទេសឥណ្ឌូនេស៊ីទទួលបានបង្ហាញថា លោក Mehrtens ត្រូវបានឡោមព័ទ្ធដោយទាហានរំដោះជាតិប៉ាពួខាងលិច (TPNPB) ដែលមានគ្នាចំនួន៧នាក់។ ពួកគេសន្យាថានឹងដោះលែងអ្នកបើកយន្តហោះ ប្រសិនបើប៉ាពួទទួលបានឯករាជ្យ។
កាលពីនៅក្រោមអាណានិគមរបស់ប្រទេសហូឡង់ ប៉ាពួធ្លាប់ប្រកាសឯករាជ្យនៅឆ្នាំ១៩៦១ ប៉ុន្តែ២ឆ្នាំក្រោយមកប្រទេសឥណ្ឌូនេស៊ីបានកាន់កាប់វិញ។ តំបន់សម្បូរទៅដោយធនធានធម្មជាតិបានជាប់គាំងនៅក្នុងការប្រយុទ្ធទាមទារឯករាជ្យចាប់តាំងពីតំបន់នេះស្ថិតក្រោមការគ្រប់គ្រងជាផ្លូវការរបស់ទីក្រុងហ្សាកាតាក្នុងការបោះឆ្នោតដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៦៩។ អ្នកប្រយុទ្ធដែលបង្ហាញខ្លួនក្នុងវីដេអូនោះ មានអាវុធជាប់ខ្លួនដូចជា កាំភ្លើង ធ្នូ និងព្រួញ។ បុរសម្នាក់ដែលនិយាយនៅមុខកាមេរ៉ា និងរៀបរាប់ពីការទាមទាររបស់ពួកគេ បានណែនាំខ្លួនគាត់ថាជាមេដឹកនាំទាហានរំដោះជាតិប៉ាពួខាងលិច លោក Egianus Kogoya ។ សារព័ត៌មាន BBC មិនអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុរសនោះ បានទេ។
លោក Mehrtens ដែលបង្ហាញនៅក្នុងវីដេអូ គឺពាក់អាវអំបោះពណ៌ខៀវ មួកដែលត្រូវគ្នា និងខោកាគី ហាក់ដូចជាបានដឹងសេចក្តីថ្លែងការណ៍ដែលបានរៀបចំនោះដោយលោកបានបរិយាយឡើងវិញអំពីការទាមទាររបស់ពួកឧទ្ទាម។ បុរសអាយុ ៣៧ឆ្នាំនេះត្រូវបានចាប់ខ្លួនបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរខ្នាតតូចដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Susi Air របស់ប្រទេសឥណ្ឌូនេស៊ីចុះចតនៅខេត្ត Nduga ។
គួរបញ្ជាក់ផងដែរថា យន្តហោះដែលគាត់បើកបរ បានចាកចេញពីអាកាសយានដ្ឋាន Mozes Kilangin នៅកណ្តាលទីក្រុងប៉ាពួកាលពីព្រឹកថ្ងៃអង្គារ ហើយគ្រោងនឹងត្រលប់មកវិញប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីបានដាក់អ្នកដំណើរ៥នាក់រួចហើយ។
កែសម្រួល៖ លោក ប៊ុត សារ៉ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣