ប្រទេសយេម៉ែន៖ មន្ត្រីយោធារដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស ៩នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសយេម៉ែន បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធីបើកការវាយប្រហារពេញមួយយប់ទៅលើតំបន់របស់កម្លាំងរដ្ឋាភិបាល នៅភាគខាងជើងខេត្ត អាល់ ចហ្វ។
មន្ត្រីយោធាសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖“ការប្រឈមមុខដាក់គ្នាដោយអាវុធធុនធ្ងន់បានកើតឡើងរវាងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមហ៊ូធី នៅក្នុងតំបន់ អាប់ថា និងតំបន់នៅក្បែរគ្នាផ្សេងទៀតដែលស្ថិតនៅជាប់ព្រំដែនប្រទេសអារ៉ាប៊ីសាអូឌីតកាលពីយប់ថ្ងៃសៅរ៍ ដោយបានសម្លាប់ទាហានយ៉ាងហោចណាស់ ៤នាក់ និងក្រុមឧទ្ទាម ៥នាក់”។
លោកបន្ថែមថា កម្លាំងរដ្ឋាភិបាលទទួលបានជោគជ័យក្នុងការលុបបំបាត់ការវាយប្រហាររបស់ក្រុមឧទ្ទាម។ ក្រុមឧទ្ទាមហ៊ូធីបានបង្កើនការវាយប្រហាររបស់ពួកគេទៅលើកម្លាំងរដ្ឋាភិបាលយេម៉ែនដែលឈរជើងនៅក្នុងតំបន់ជាប់ព្រំដែនជាមួយប្រទេសអារ៉ាប៊ីសាអូឌីតនៅរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
ប្រទេសយេម៉ែនរងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធជាបន្តបន្ទាប់រវាងក្រុមជម្លោះក្នុងតំបន់ បន្ទាប់ពីមានបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិបានផុតកំណត់កាលពីខែតុលាឆ្នាំមុន។
ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ដណ្តើមខេត្តមួយចំនួននៅភាគខាងជើងមកគ្រប់គ្រង និងបង្ខំ រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញពីរាជធានីសាណា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣