ប្រទេសអ៊ីរ៉ង់កាត់ទោសប្រហារជីវិតមេដឹកនាំឧទ្ទាមម្នាក់ពីបទដឹកនាំសកម្មភាពរបស់ក្រុមភេរវករ

0

ប្រទេសអ៊ីរ៉ង់៖ ភ្នាក់ងារសារព័ត៌មានម៉ីហ្សានបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតមេដឹកនាំក្រុមឧទ្ទាម ថុនដា (Thundar) ពីបទរៀបចំគម្រោង និងដឹកនាំសកម្មភាពរបស់ក្រុមភេរវករនៅក្នុងប្រទេស។

របាយការណ៍ដោយសារព័ត៌មានម៉ីហ្សានដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​តុលាការ​អ៊ីរ៉ង់មានបញ្ជាក់ខ្លឹមសារថា មេដឹកនាំក្រុមឧទ្ទាម ដែលគេស្គាល់ថាជាលោក ចេមស្ហីដ ស្ហាម៉ាដ មានអាយុ ៦៧ឆ្នាំ និងមានសញ្ជាតិពីរគឺអ៊ីរ៉ង់និងអាល្លឺម៉ង់ និងមានទីលំនៅនៅសហរដ្ឋអាមេរិក។

របាយការណ៍ដដែលមានបន្ថែមខ្លឹមសារថា លោកមានបំណងវាយប្រហារភេរវកម្ម ២៣លើក ដោយការវាយប្រហារទាំងនោះទើបតែអនុវត្តបាន ៥លើកប៉ុណ្ណោះ។ សេចក្តីសម្រេចននោះនៅតែអាចប្តឹងឧទ្ធរណ៍ក្នុងតុលាការកំពូលបាន។ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បានប្រកាសពីការចាប់ខ្លួនលោក ស្ហាម៉ាដ កាលពីឆ្នាំ២០២០។

បើយោងតាមរបាយការណ៍ដោយសារព័ត៌មានម៉ីហ្សានបានបន្ថែមឱ្យដឹងថា ក្រុមឧទ្ទាម ថុនដា គឺជាក្រុមឧទ្ទាមដែលបង្កើតឡើងដោយក្រុមរាជានិយមអ៊ីរ៉ង់មួយចំនួននៅចក្រភពអង់គ្លេសកាលពីឆ្នាំ២០០៣។ ក្រុមឧទ្ទាមនេះគឺត្រូវបានចោទប្រកាន់លើការទម្លាក់គ្រាប់បែកក្នុងទីក្រុងស្ហីរាហ្ស នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់កាលពីឆ្នាំ២០០៨ ដោយបានសម្លាប់មនុស្ស ១៤នាក់ និងបណ្តាលឱ្យមនុស្ស ៣០០នាក់ផ្សេងទៀតរងរបួស និងការរៀបចំផែនការវាយប្រហារផ្សេងទៀតនៅក្នុងប្រទេស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here