មនុស្សពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការតវ៉ានៅសណ្ឋាគារ ដែលជាស្នាក់នៅរបស់អ្នក ស្វែងរកសិទ្ធិជ្រកកោនច្រើនជាង១០០នាក់។
សមាជិកនៃក្រុមប្រឆាំងអន្តោប្រវេសន៍ និងអង្គការគាំទ្រជនអន្តោប្រវេសន៍បានប្រមូលផ្តុំគ្នា នៅខាងក្រៅអគារនៅតំបន់មេនវើស នៅទីប្រជុំជនរ៉ូធើហាំកាលពីថ្ងៃសៅរ៍។
ប៉ូលិសបាននិយាយថា បុរសម្នាក់ត្រូវបានឃាត់ខ្លួនពីបទសង្ស័យថាបង្កជាឧបសគ្គ នៅផ្លូវសាធារណៈ។ និងបរុសទីពីរត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទល្មើសធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ។
គេសង្កេតឃើញថាបាតុកម្មនេះកើតឡើង នៅបន្ទាប់ពីមនុស្ស១៥នាក់ រួមទាំងក្មេងប្រុស វ័យ១៣ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សានៅខាងក្រៅសណ្ឋាគារ Merseyside ជាកន្លែងទទួលអ្នកស្វែងរកសិទ្ធិជ្រកកោន កាលពីថ្ងៃទី១០ ខែកុម្ភៈ។
ប៉ូលិសយ៉កសៀភាគខាងត្បូង បានរៀបចំប្រតិបត្តិការទ្រង់ទ្រាយធំ នៅខាងមុខបាតុកម្ម នៅតំបន់មេនវើស។ ដែលពួកគេក៏បាននិយាយថា គោលបំណងនៃប្រតិបត្តិការនេះ គឺ “រក្សាតុល្យភាពរវាងសិទ្ធិមនុស្សតវ៉ាស្របច្បាប់ ជាមួយនឹងសិទ្ធិអ្នករងផលប៉ះពាល់ និងសាធារណជន”។ កម្លាំងបានដាក់វិធានការ ដើម្បីធានាការរំខានដល់ប្រជាពលរដ្ឋ អាជីវកម្ម និងចរាចរណ៍។ ជាមួយនេះអ្នកនាំពាក្យក៏បានថ្លែងអំណរគុណដល់ប្រជាជន ចំពោះការអត់ធ្មត់នៅក្នុងអំឡុងពេលការតវ៉ា៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣