ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយថា កាលពីថ្ងៃអាទិត្យកម្លាំងសន្តិសុខអ៊ីរ៉ាក់បានសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ១៧នាក់ ក្នុងប្រតិបត្តិការនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។
លោក យ៉ាហៀ រ៉ាសូល អ្នកនាំពាក្យអគ្គមេបញ្ជាការនៃកងកម្លាំងអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់បើកប្រតិបត្តិការនៅពេលព្រឹកព្រលឹមដើម្បីប្រមាញ់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ក្នុងតំបន់អាកាស្ហាត នៃវាលខ្សាច់ខេត្តអានបារ ភាគខាងលិចប្រទេសអ៊ីរ៉ាក់។
លោក រ៉ាសូល បាននិយាយថា កងកម្លាំងបានប៉ះទង្គិចគ្នាជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅក្នុងតំបន់ និងបានសម្លាប់សមាជិកនៃក្រុមសកម្មប្រយុទ្ធ ១៧នាក់ ក្នុងនោះមានឥស្សរជនលេចធ្លោនៅក្នុងក្រុមភេរវករ តែមិនទទួលបានព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់ក្រុមភេរវករដែលស្លាប់ទាំងនោះទេ។
កាលពីប៉ុន្មានខែមុន កម្លាំងសន្តិសុខអ៊ីរ៉ាក់បានធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមដើម្បីបង្ក្រាបសកម្មភាពរបស់ពួកគេ។
ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត និងបានវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣