ប្រទេសប៉ាគីស្ថាន៖ យោងតាមសេចក្តីថ្លែងការណ៍របស់យោធាកាលពីយប់ថ្ងៃអាទិត្យបានឲ្យដឹងថាក្រុមភេវរករ ៣នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មដោយកម្លាំងសន្តិសុខ នៅស្រុក អាវ៉ារ៉ាន នៃខេត្តប៉ាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីថ្ងៃទី១៥ ខែមីនា តទៅ ប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ត្រូវបានធ្វើឡើងដើម្បីស្ទាក់ចាប់ក្រុមភេរវករដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់មួយចំនួនក្នុងស្រុក។
ISPR និយាយថា យោងតាមប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តបាន គឺការវាយឆ្មក់ជាច្រើនត្រូវបានរៀបចំនៅតាមផ្លូវផ្សេងគ្នាក្នុងតំបន់ដែលក្រុមភេរវករឆ្លងកាត់ញឹកញាប់ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។
ជាលទ្ធផល ក្រុមភេរវករ ៣នាក់ត្រូវចាប់ខ្លួន ខណៈដែលពួកគេកំពុងធ្វើដំណើរទៅទីតាំងលាក់ខ្លួនរបស់ពួកគេ។
សេចក្តីថ្លែងការណ៍បង្ហាញថា “នៅតំបន់ដែលត្រូវបានបិទ ពួកគេបានបាញ់ប្រហារទៅលើកម្លាំងសន្តិសុខ។ ក្នុងអំឡុងពេលកំពុងបាញ់គ្នាខ្លាំង ក្រុមភេរវករទាំង ៣ត្រូវបានសម្លាប់ ខណៈដែលឃ្លាំងអាវុធ និងគ្រាប់រំសេវត្រូវបានរកឃើញ ”។
ក្នុងសេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ក្រុមភេរវករមានជាប់ពាក់ព័ន្ធទៅនឹងការបាញ់ប្រហារ និងឧប្បត្តិហេតុគ្រឿងផ្ទុះកែច្នៃនៅតំបន់មួយចំនួនក្នុងខេត្ត។
កងទ័ពប៉ាគីស្ថាន នៅតែតាំងចិត្តដើម្បីរារាំងរាល់ការប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ខេត្តបាឡូជីស្ថាន នេះបើយោងតាមសេចក្តីថ្លែងការណ៍៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣