ទាហានសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ៣០នាក់នៅតំបន់កណ្តាល

0

ប្រទេសសូម៉ាលី៖ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា កង​ទ័ព​ជាតិ​សូម៉ាលីបានសម្លាប់ក្រុមភេរវករ អាល់ ស្ហាបាប ៣០នាក់ក្នុងប្រតិបត្តិការមួយដែលធ្វើឡើងនៅក្នុងតំបន់ហ្កាហ្កាដូដកណ្តាលប្រទេសសូម៉ាលី កាលពីថ្ងៃពុធ។

លោកអាប់ដូឡាស់ហ៊ី អាលី អាណូដ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានប្រាប់សន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធក្នុងទីក្រុងមូហ្កាឌីស្យុថា ប្រតិបត្តិការយោធាធ្វើឡើងនៅក្នុងស្រុកហ្កាឡៀរ៉ី ដែលជាចំណុចដែលក្រុមភេរវករចាប់ផ្តើមប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាល។

លោក អាលី បាននិយាយថា ប្រតិបត្តិការយោធាដ៏ក្តៅគគុកនេះ បង្ករបួសដល់ក្រុមសកម្មប្រយុទ្ធ ដែលប្រយុទ្ធជាមួយកម្លាំងរដ្ឋាភិបាលក្នុងការវាយប្រហារស្ទើររាល់ថ្ងៃ។

សេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានរបស់រដ្ឋដកស្រង់សម្តីរបស់លោក អាលី មានខ្លឹមសារថា ប្រតិបត្តិការដ៏ជោគជ័យប្រឆាំងនឹងក្រុមភេរវករ អាល់ ស្ហាបាប ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ទល់នឹងការគំរាមកំហែងដែលបង្កឡើងដោយក្រុមជ្រុលនិយម

លោក អាលី បាននិយាយថា ប្រតិបត្តិការកាលពីថ្ងៃពុធបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការស្តារសន្តិភាព និងស្ថិរភាពដល់តំបន់ហ្កាហ្កាដូដ ដែលត្រូវបានហ៊ុមព័ទ្ធដោយអំពើរភេរវកម្មជាយូរមកហើយ។

កងកម្លាំងរដ្ឋាភិបាលគាំទ្រដោយដៃគូបរទេស នាពេលថ្មីៗនេះ បានបង្កើនប្រតិបត្តិការយោធាដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបចេញពីបន្ទាយរបស់ពួកគេ ដើម្បីបញ្ឈប់សកម្មភាពជំរិតទារប្រាក់ប្រជាជនសូម៉ាលី និងការចែកចាយការឃោសនាដូចជា ការបំភិតបំភ័យផ្សេង និងភាពជ្រុលនិយមនៅក្នុងប្រទេស។

គួររំលឹកផងដែរថា ក្រុមភេរវករត្រូវបានកម្ចាត់ចេញពីទីក្រុងម៉ូហ្កាឌីស្យុកាលពីឆ្នាំ២០១១ ប៉ុន្តែនៅតែអាចលាក់ខ្លួនក្នុងតំបន់ដាច់ស្រយាល ធ្វើសកម្មភាពពួនស្ទាក់វាយឆ្មក់ និងបង្កប់គ្រាប់មីន៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here